ទីក្រុងឌុបនីតសារបស់ប៊ុលហ្គារីប្រារព្ធខួបលើកទី៨១ នៃការទម្លាក់គ្រាប់បែកនៅសង្គ្រាមលោកលើកទី២
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ -- អភិបាលក្រុងឌុបនីតសា (Dupnitsa) របស់ប្រទេសប៊ុលហ្គារី លោក ប៉ាវេន ដេនហ្កូវ (Parvan Dangov) បានរំលឹកអំពីព្រឹត្តិការណ៍កាលពី ៨១ឆ្នាំកន្លងទៅថា ទីក្រុងឌុបនីតសាបានប្រារព្ធខួបលើកទី៨១ នៃការទម្លាក់គ្រាប់បែករបស់ខ្លួនក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ (ឆ្នាំ១៩៣៩-១៩៤៥) កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ការអធិស្ឋានមួយត្រូវបានគេធ្វើឡើងនៅពីមុខស្លាករំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៅទីលានប្រជាធិបតេយ្យ។ អភិបាលក្រុង Parvan Dangov បានរំលឹកព្រឹត្តិការណ៍កាលពី ៨១ ឆ្នាំមុន។
កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៤ យន្តហោះ B-17 របស់អង់គ្លេស-អាម៉េរិកជាង ១០០គ្រឿងបានហោះចេញពីមូលដ្ឋានអាកាសនៅជិតទីក្រុងបារីរបស់ប្រទេសអ៊ីតាលី ឆ្ពោះទៅប្រទេសប៊ុលហ្គារី ដើម្បីទម្លាក់គ្រាប់បែកលើរដ្ឋធានី។ ដោយសារតែអ័ព្ទខ្លាំងនៅលើរដ្ឋធានីសូហ្វីយ៉ា (Sofia)បានរារាំងយន្តហោះទាំងនោះមិនឱ្យកំណត់ត្រូវទីតាំងគោលដៅរបស់ពួកគេហើយយន្តហោះនោះបានទម្លាក់គ្រាប់បែកទៅលើទីតាំងលំនៅដ្ឋានដែលនៅក្បែរនោះជំនួសវិញ។
គ្រាប់បែកដែលមានជាតិផ្ទុះខ្លាំងទម្ងន់ ២៥០គីឡូក្រាមត្រូវបានទម្លាក់ពីលើតំបន់ម៉េសដ្រា តំបន់វ្រ៉ាតសា និងតំបន់អ៊ីសការចច នៅភាគខាងលិចប្រទេសប៊ុលហ្គារី។ ទីក្រុងឌុបនីតសា គឺជាតំបន់រងគ្រោះដ៏អាក្រក់បំផុតដោយសារការទម្លាក់គ្រាប់បែកនោះ។ នៅវេលាម៉ោងប្រហែល១២:៣០នាទីយប់ យន្តហោះប្រហែល ៣០គ្រឿងបានទម្លាក់គ្រាប់បែកជាង១០០គ្រាប់ទៅលើប្រជាជនស៊ីវិលក្នុងទីក្រុងនេះ។
ការវាយប្រហារនេះបានឆក់យកជីវិតមនុស្សចំនួន ៦១នាក់ និងរបួសជាង ៤០នាក់។ អគារលំនៅដ្ឋានសរុបចំនួន៥២ ត្រូវបានបំផ្លាញ រួមជាមួយនឹងសហគ្រាសចំនួន១៤ ធនាគារ ការិយាល័យប្រៃសណីយ៍ មន្ទីរពេទ្យបណ្តាញផ្គត់ផ្គង់ទឹក និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង។ សាលារៀនមួយ និងធនាគារកសិកម្មត្រូវបានគេវាយកម្ទេចចោល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





