រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំប៉ាណូដែលរំលេចនៃទិវាជ័យជម្នះ ៧ មករា តាមទីសាធារណៈរួចរាល់ ដើម្បីអបអរបុណ្យជាតិប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ -- រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧ មករា តាមទីសាធារណៈរួចរាល់ ដើម្បីអបអរបុណ្យជាតិប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ចែងមន្ដ្រីជំនាញផ្នែកពាក់ព័ន្ធ ឱ្យរៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលបានរៀបចំរួចរាល់ហើយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ តាមដងផ្លូវសាធារណៈ នៅលើស្ពាន ស្ពានអាកាស និងនៅតាមបណ្តាសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ ខណៈបុណ្យជាតិជាប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជារួចរាល់ហើយមកដល់។

បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២៥) គ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី ០៧ មករា ឆ្នាំ២០២៥ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ក្នុងខណ្ឌចំកាមន ដោយមានសមាជិកចូលរួមជាង២ម៉ឺននាក់។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងកម្មវិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករានេះ កាលពីថ្ងៃទី៣១ធ្នូនេះកន្លងទៅ ឯកឧត្ដមអភិបាលរាជធានីបានដឹកនាំកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូន និងជោគជ័យ ដោយជំរុញឱ្យអាជ្ញាធរខណ្ឌ ១៤ សង្កាត់ ទាំង១០៥ បំផុសប្រជាពលរដ្ឋឱ្យចង ឬលើកទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសម្អាតអនាម័យបរិស្ថានឱ្យបានស្អាត។

ខណៈប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសត្រៀមខ្លួនរួចជាស្រេចទទួលអបអរសាទរទិវាជាតិ ៧មករា ក្នុងន័យចូលរួមអបអរសាទរទិវាបុណ្យជាតិ៧មករា ថ្ងៃជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពត រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈសម្បត្តិ គ្រប់គ្រាន់ និងរួចជាស្រេច ដើម្បីទទួលអំណរសាទរទិវាជ័យជំនះ ៧មករា លើកទី៤៦។

ថ្ងៃរំដោះ ៧មករា ១៩៧៩បានក្លាយជាបុណ្យជាតិសម្រាប់ប្រជាជាតិខ្មែរទូទាំងប្រទេស ជាថ្ងៃផ្តល់កំណើតទី២ដល់ប្រជាជនកម្ពុជាដែលបានរំលឹកដល់ប្រជាជនកម្ពុជាមិនអាចបំភ្លេចបានពីសោកនាកម្មក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង៣លាននាក់ និងបន្សល់ទុក ក្មេងកំព្រា ស្ត្រីមេម៉ាយ អ្នកមានជំងឺប្រចាំកាយរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកឯកនយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យកម្ពុជា ទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍពេញលេញជាលើកដំបូង ក្នុងរយៈពេលប្រមាណ៥០០ឆ្នាំកន្លងទៅ និងមានការបន្តពូនជ្រុំសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីកែលម្អសោភ័ណភាពទីក្រុង ក៏បានរៀបចំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ដើម្បីចូលរួមអបអរសាទរទិវាបុណ្យជាតិ៧មករា ដើម្បីលើកកម្ពស់កិត្យានុភាព និងកិត្តិយសជាតិឱ្យស័ក្តិសមជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។ ដោយឡែកសមិទ្ធផល និងស្នាដៃខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញសម្រេចបាននាពេលកន្លងមក ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើន យ៉ាងឆាប់រហ័សក្រោមម្លប់សន្តិភាព ដែលធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានសក្កានុពលប្រកួតប្រជែង និងអភិវឌ្ឍឈានឡើងលើគ្រប់វិស័យ៕
ដោយ សួស សំរិត





