អាជ្ញាធរអន្តរាគមន៍បើកទ្វារទឹកអាងត្រពាំងថ្មសង្គ្រោះស្រូវប្រាំងពលរដ្ឋចំនួន៨៣០០ហិកតា ស្ថិតក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ
AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ -- លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីចុះអន្តរាគមន៍បើកទ្វារទឹកពីអាងត្រពាំងថ្មសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន៨៣០០ហិកតា ក្នុងភូមិសាស្ត្រស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ។

លោកប្រធានមន្ទីរបានប្រាប់ឱ្យដឹងថាកាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ថា ដោយទទួលបាននូវការឯកភាព និងបទបញ្ជារបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យលោក បានដឹកនាំក្រុមការងារមន្ទីរ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីចុះអន្តរាគមន៍បើកទ្វារទឹកពីអាងត្រពាំងថ្មសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ចំនួន៤ឃុំ លើផ្ទៃដីសរុបចំនួន៨៣០០ហិកតា រួមមានឃុំស្រះជីក ឃុំពន្លៃ ស្ថិតក្នុងស្រុកភ្នំស្រុក ឃុំទានកាំ ឃុំរហាល ក្នុងស្រុកព្រះនេត្រព្រះ។ ចំពោះការសង្រ្គោះនេះគឺបើកទ្វារទឹកគ្រប់តំបន់គោលដៅសំខាន់ៗទាំងអស់ ដើម្បីឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយស្រូវដែលនៅសេសសល់រដ្ឋបាលខេត្ត មន្ទីរ អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹក និងបន្តតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់ទៀតរហូតសម្រេចគោលដៅ។

លោកបានឱ្យដឹងទៀតថាការងារបង្កបង្កើនផលដំណាំស្រូវប្រាំង ឆ្នាំ២០២៤-២០២៥ ក្នុងខេត្តបន្ទាយមានជ័យ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋគ្រប់ លំដាប់ថ្នាក់ និងបណ្តាស្ថាប័នពាក់ព័ន្ធ អាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ទូទាំងខេត្ត មេត្តាជ្រាបថា មន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត បានធ្វើការជូនដំណឹងម្តងរួចមកហើយ ស្តីពីផែនការប្រើប្រាស់ទឹក សម្រាប់ស្រោចស្រពស្រូវរដូវប្រាំង ឆ្នាំ២០២៤-២០២៥ សរុបចំនួន ១៦.០០០ហិកតា។ បច្ចុប្បន្ននេះការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤-២០២៥ លើកទី១ ទូទាំងខេត្ត សរុបចំនួន៦៥.៨២១ហិកតា ស្មើនឹង ៤១១,៣៨% ដែលជាហេតុបណ្តាលឱ្យលើសផែនការកំណត់ (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)។

លោកបានបន្ថែមទៀតថា ដូច្នេះនាពេលនេះក្រសួង ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយម រួមទាំងអាជ្ញាធរ ស្រុក ក្រុង ខេត្ត បាន បន្តយកចិត្តទុកដាក់ខ្ពស់លើការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២៤-២០២៥លើកទី១ របស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីផ្គត់ផ្គង់ប្រភពទឹកឱ្យអស់ពីលទ្ធភាព ដែលតម្រូវទៅតាមផែនការកំណត់របស់មន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត។ យោងទៅតាមស្ថានភាពប្រភពទឹកនៅប៉ែកខាងលើនៃស្ទឹងមង្គលបូរី មានពុំមានទឹកគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់បន្តទៀតទេ ហើយបច្ចុប្បន្នស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណ កំពុងប្រឈមការខ្វះខាតទឹក សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជួយសហការ និងផ្អាកការបូមទឹកស្ទឹងមក ប្រើប្រាស់ដើម្បីស្រោចស្រពស្រូវរដូវប្រាំងបន្តទៀត។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរបានសុំឱ្យអាជ្ញាធរមូលដ្ឋានតាមបណ្តាស្រុក ក្រុងទូទាំងខេត្ត មេត្តាជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋ និងសុំជួយសហការគ្នា ដើម្បីថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់នៅក្នុងរដូវប្រាំងនេះ៕
ដោយ ឈុន សារ៉ាត





