ឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុន បុត្ត និងលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ធំទាំងអស់ដែលបានខិតខំបំពេញការងារកន្លងមកនៅក្នុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ និងបានបញ្ជាក់ថា វិស័យព័ត៌មានដើរតួនាទីសំខាន់ណាស់សម្រាប់ផ្សព្វផ្សាយព័ត៌មានដែលជាកញ្ចក់ឆ្លុះបញ្ចាំងទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គម។

ទន្ទឹមនឹងនេះ ឯកឧត្តមបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសូមបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ពង្រីកការផ្សព្វផ្សាយព័ត៌មានតាមរយៈឌីជីថលក៏ដូចជាតាមប្រព័ន្ធផ្សព្វផ្សាយវិទ្យុបណ្ដាញនៅតាមទីប្រជុំជនបន្ថែមទៀត។បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រសាសន៍របស់ថ្នាក់ដឹកនាំ សកម្មភាពល្អរបស់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងចំណុចខ្វះខាតក៏ដូចជាបញ្ហាប្រឈមមួយចំនួនជូនដល់សាធារណជនក៏ដូចជាថ្នាក់ដឹកនាំបានដឹងដើម្បីស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា បន្តការគ្រប់គ្រងអ្នកសារព័ត៌មានឱ្យបានត្រឹមត្រូវ ស្របទៅតាមច្បាប់ ដោយតម្រូវឱ្យអ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ធំ ចុះបញ្ជីនៅមន្ទីរព័ត៌មានឱ្យបានគ្រប់គ្នា និងអនុវត្តតាមក្រុមវិជ្ជាជីវៈអ្នកសារព្រមានឱ្យបានត្រឹមត្រូវ។ រាល់ការផ្សាយព័ត៌មានត្រូវជាព័ត៌មានពិតមានប្រភពច្បាស់លាស់៕


ដោយ ស៊ុម វណ្ណា





