ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពបើកការដ្ឋានជួសជុល និងគូសគំនូសចរាចរណ៍
AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការជួសជុល និងគូសគំនូសចរាចរណ៍ នៅលើកំណាត់ផ្លូវ៤ខ្សែក្នុងក្រុងកំពង់ឆ្នាំង ប្រវែងសរុប២៤៣៥ម៉ែត្រ ទទឹង ៦ម៉ែត្រ ដើម្បីជួសជុលអ៊ុតកៅស៊ូ AC និងគូសគំនូសសញ្ញាចរាចរណ៍ រួមមាន ផ្លូវលេខ២ ផ្លូវលេខ៣ ក្នុងសង្កាត់ខ្សាម ផ្លូវលេខ២៤ ក្នុងសង្កាត់កំពង់ឆ្នាំង និងផ្លូវលេខ២៥ ក្នុងសង្កាត់ប្អេរ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មន្ត្រីជំនាញ មន្ត្រីពាក់ព័ន្ធនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយទៀតនូវហេដ្ឋារចនាសម្ព័ន្ធ ដែលជាសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់ខេត្តកំពង់ឆ្នាំង។ ក្លាយជាផ្លូវដ៏សំខាន់ជាមួយតភ្ជាប់តំបន់ដទៃក្នុងការអភិវឌ្ឍខេត្តក៏ដូចជានៅទូទាំងប្រទេសកម្ពុជា មានសក្តានុពលក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនិងគំនិតផ្តួចផ្តើមពីប្រមុខ ដឹកនាំរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែលបង្កបរិយាកាស ដល់ការសហការជាមួយដៃគូនានា ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិឱ្យការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម័ន្ធរូបវ័ន្តនានា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថាទៀតថា ការអ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសម្រាប់ថ្មើរជើង ទាំងនេះធ្វើសកម្មភាពទៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូ AC រួច ក្រោយពីខូចខាត ដោយជំនន់ ទឹកភ្លៀងនាពេលកន្លងមក។

ឯកឧត្តមអភិបាលខេត្តបានក្រើនរម្លឹក និងណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់ក្នុងការស្ថាបនាផ្លូវថ្នល់ចាក់កៅស៊ូប្រភេទACនេះឱ្យបានល្អ និងមានគុណភាពត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដើម្បីធ្វើឱ្យសមិទ្ធផលទាំងនេះប្រើប្រាស់បានយូរអង្វែង និងប្រកបដោយសោភ័ណភាព មានបរិស្ថានល្អ សំដៅលើកកម្ពស់សោភ័ណភាពខេត្តកំពង់ឆ្នាំងឱ្យកាន់តែស្រស់បំព្រងថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ និងទទួលបានកំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋយើងផងដែរ៕

ដោយ បៃ ស៊ីថុន





