ឯកឧត្តម គួច ចំរើន ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ ក្នុងករណីជំពាក់កម្ចីអនឡាញ
AKP កណ្ដាល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជំពាក់កម្ចីអនឡាញ។ ការអំពាវនាវនេះធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឫស្សីជ្រោយ និងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ និងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅបរិវេណវត្តអម្ពរវ័ន។

ឯកឧត្តមអភិបាលខេត្តកណ្ដាលបានបន្តថា កម្ចីអនឡាញនេះគឺពិតជាគ្រោះថ្នាក់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះមានការខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់មានការកើនឡើងទ្វេដង។ ដូច្នេះប្រសិនបើប្រជាពលរដ្ឋណាមានការជំពាក់កម្ចីអនឡាញ សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកឯកឧត្តមផ្ទាល់ ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានក្នុងការពិនិត្យ និងសម្របសម្រួល ជៀសវាងបំណុលអនឡាញមានការកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៥០បណ្ណជូនត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឫស្សីជ្រោយ និងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ និងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ឈុន ដាលីន អគ្គនាយករងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅបរិវេណវត្តអម្ពរវ័ន ស្ថិតនៅឃុំឬស្សីជ្រោយ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





