ប្រេង និងឧស្ម័នធម្មជាតិ នៅតែគ្របដណ្ដប់លើវិស័យសេដ្ឋកិច្ចអង់ហ្គោឡា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់ទិន្នន័យផ្លូវការក្នុងឆ្នាំ២០២៤ ថា ប្រេង និងឧស្ម័នធម្មជាតិមានចំនួន ៩៤% នៃការនាំចេញសរុបរបស់ប្រទេសអង់ហ្គោឡាខណៈដែលត្បូងពេជ្របានរួមចំណែក ៤% ហើយផលិតផលផ្សេងទៀតមានត្រឹមតែ ១,៥% តែប៉ុណ្ណោះ ដោយប្រព័ន្ធផ្សព្វផ្សាយបានគូសបញ្ជាក់ថា«ការពឹងផ្អែកប្រេងរបស់ប្រទេសអង់ហ្គោឡានៅតែបន្ត»។
កាសែត Expansao បាននិយាយថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសអង់ហ្គោឡាកំពុងរីកចម្រើន «ប៉ុន្តែយឺត និងមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ប្រទេស» គួរកត់សម្គាល់ថា ក្រៅពីប្រេង ឧស្ម័នធម្មជាតិ និងត្បូងពេជ្រ រួមទាំងទំនិញផ្សេងទៀត រកចំណូលបាន៤១៨,៧លានដុល្លារអាម៉េរិក កើនឡើងពី ៣៦៣លានដុល្លារអាម៉េរិក។
របាយការណ៍នេះបានដកស្រង់សម្តី លោក ម៉ានូអែល ណេតូ ដាកូស្តា (Manuel Neto da Costa) អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងផែនការរបស់ប្រទេសអង់ហ្គោឡាថា សមិទ្ធិផលពិពិធកម្មសេដ្ឋកិច្ចឆ្នាំ២០២៤ របស់ប្រទេសនៅតែ «មិនសំខាន់» នៅពេលប្រៀបធៀបនឹងតម្រូវការសេដ្ឋកិច្ចការរំពឹងទុករបស់រដ្ឋាភិបាល និងសក្តានុពលជាតិ។
ប្រព័ន្ធផ្សព្វផ្សាយអង់ហ្គោឡាក៏បានរាយការណ៍ផងដែរថាប្រាក់ចំណូលនាំចេញសរុបរបស់ប្រទេសបានកើនឡើង ៣% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងអំឡុងពេល ៣ត្រីមាសដំបូងនៃឆ្នាំ២០២៤ ស្របតាមកំណើននៃប្រាក់ចំណូលប្រេង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





