ទំនាក់ទំនងចិន-អាហ្រ្វិក ផ្តល់លទ្ធផលជាផ្លែផ្កានៅឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយថា ទំនាក់ទំនងចិន-អាហ្វ្រិក បានបន្តផ្តល់លទ្ធផលជាផ្លែផ្កានៅក្នុងស្ថានភាពអន្តរជាតិដែលមានការប្រែប្រួល និងជាប់ទាក់ទងគ្នានៅឆ្នាំ២០២៤។
លោកស្រី ម៉ៅ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ក្នុងឆ្នាំ២០២៤ និងការរំពឹងទុកសម្រាប់ទំនាក់ទំនងចិន-អាហ្វ្រិក នៅឆ្នាំ២០២៥។
លោកស្រីបាននិយាយថា ភ្ញៀវចិន និងភ្ញៀវបរទេសជិត ៦.០០០នាក់រួមទាំងមេដឹកនាំនៃប្រទេសអាហ្វ្រិកចំនួន ៥៣ប្រទេសដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន ប្រធានគណៈកម្មការសហភាពអាហ្វ្រិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) ក្នុងខែកញ្ញា។
លោកស្រីបានកត់សម្គាល់ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងបណ្តាប្រទេសអាហ្វ្រិកទាំងអស់ដែលមានទំនាក់ទំនងការទូតត្រូវបានលើកកម្ពស់ដល់កម្រិតកំពូលនៃទំនាក់ទំនងយុទ្ធសាស្ត្រ ហើយលក្ខណៈទូទៅនៃទំនាក់ទំនងចិន-អាហ្រ្វិក ត្រូវបានលើកកម្ពស់ទៅជាសហគមន៍ចិន-អាហ្រ្វិកជាមួយនឹងអនាគតរួមគ្នាសម្រាប់យុគសម័យថ្មី។
លោកស្រី ម៉ៅ បានបន្ថែមថា កិច្ចប្រជុំកំពូល FOCAC បានអះអាងថា ភាគីទាំងពីរគួរតែរួមគ្នាជំរុញទំនើបភាវូបនីយកម្មដែលមានលក្ខណៈពិសេសចំនួន ៦ និងបានប្រកាសសកម្មភាពភាពជាដៃគូចំនួន ១០សម្រាប់ប្រទេសចិន និងអាហ្រ្វិក ដើម្បីជំរុញទំនើបកម្ម។ កម្មវិធីចុះហត្ថលេខា រួមទាំងគម្រោងតូចៗ និងស្រស់ស្អាតជាច្រើនត្រូវបានចែកចាយនៅទ្វីបអាហ្រ្វិក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





