ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន១៣ ៣៤០នាក់
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥-- មន្ត្រីអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ថា ស្ថិតិភ្ញៀវទេសចរចូលទៅទស្សនាកម្សាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន១៣ ៣៤០ នាក់។

រមណីយដ្ឋានប្រាសាទព្រះវិហារទទួលបានភ្ញៀវទេសចរសរុបចំនួន៦៦៣១នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន១៨៦២នាក់ ហើយ រមណីយដ្ឋានប្រាសាទកោះកេរទទួលបានភ្ញៀវទេសចរសរុបចំនួន៦៧០៩នាក់ ដោយភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរមានចំនួនច្រើននាឱកាសបុណ្យចូលឆ្នាំសកល២០២៥។

បើសង្កេតផ្ទាល់ពីទិដ្ឋភាពទូទៅនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ ភ្ញៀវទេសចរជាតិ និងបរទេសបានអញ្ជើញមកទស្សនាកម្សាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និង ប្រាសាទកោះកេរមានចំនួនច្រើនកុះករ ស្របពេលអាកាសធាតុត្រជាក់អំណោយផលដល់ការទស្សនារបស់ភ្ញៀវទេសចរផងដែរ៕



ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





