ខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរទៅលេងកម្សាន្តជាង៣ម៉ឺននាក់
AKP កំពង់ឆ្នាំង ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា រយៈពេល២ថ្ងៃ ព្រឹត្តិការណ៍ឆ្លងឆ្នាំ២០២៥ ក្នុងខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរជាតិចំនួន៣១២៥០នាក់ និងអន្តរជាតិចំនួន៣៧នាក់។ កម្មវិធីចូលរួមអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំ ក្នុងតំបន់ទេសចរណ៍នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីប្រធានមន្ទីរទេសចរណ៍ខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរក្រុង ស្រុក ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ បានចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងទីកន្លែងលំហែនានាក្នុងខេត្ត។ អ្វីដែលគួរឱ្យគត់សម្គាល់នោះគឺព្រឹត្តិការណ៍ឆ្លងឆ្នាំ២០២៥ និងតាមបណ្តាក្រុង ស្រុក ប្រជាពលរដ្ឋចូលរួមយ៉ាងសប្បាយរីករាយបំផុត ក្រោមកិច្ចធានាបាននូវការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គឺស្ថិតក្នុងបរិយាកាសល្អប្រសើរបំផុត ពុំមានអ្វីកើតឡើងនៅគ្រប់ទីកន្លែងទាំងនេះ។ ដោយការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការណែនាំដល់គ្រប់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ តាមរយៈការដាក់កម្លាំងល្បាតយាមកាមនៅគ្រប់ទីកន្លែង ដើម្បីបង្កភាពសប្បាយជូនដល់ប្រជាពលរដ្ឋ គឺបានធ្វើឡើងនៅគ្រប់ទីវត្តអារាម នៅទូទាំងខេត្ត និងនៅតាមសហគមន៍កម្សាន្តនានាតាមបណ្ដាមូលដ្ឋាន គ្រប់ឃុំ ស្រុក ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសក្នុងឱកាសបុណ្យឆ្លងឆ្នាំ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ថាព្រឹត្តិការណ៍ឆ្លងឆ្នាំក្នុងខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរជាតិចំនួន៣១ ២៥០នាក់ និងអន្តរជាតិចំនួន៣៧នាក់។ កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនបែបនេះ ដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញផ្តល់ឱកាសក្នុងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧នៃរដ្ឋសភា។

ដោយឡែកខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំការអភិវឌ្ឍក្នុងខេត្តកំពង់ឆ្នាំងទទួលបានសមិទ្ធផលថ្មីៗជាច្រើនជាពិសេសឯកឧត្តមបានជំរុញឱ្យមន្ទីរជំនាញសហការជាមួយអាជ្ញាធរដែនដីរៀបចំតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ឱ្យមានសណ្តាប់ធ្នាប់ សោភ័ណភាព មិនដំឡើងថ្លៃទំនិញ សេវាឆាប់រហ័យ និងធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរបានល្អ៕


ដោយ បៃ ស៊ីថុន





