ក្នុងឱកាសឆ្លងឆ្នាំសកល២០២៥ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១០ម៉ឺននាក់
AKP កំពង់ចាម ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥-- យ៉ាងហោចណាស់មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១០ម៉ឺននាក់ មកកម្សាន្តក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមកម្សាន្ត និងឆ្លងឆ្នាំសកល២០២៥។

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងថ្ងៃឆ្លងឆ្នាំសកលឆ្នាំនេះ ទទួលបានភ្ញៀវជាតិចំនួន១០៤.០១៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន១៧០នាក់ បានចូលមកកម្សាន្តក្នុងឱកាសឆ្លងឆ្នាំសកល នៅតាមតំបន់រមណីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរបានបញ្ជាក់ផងដែរថា ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិក្នុងថ្ងៃឆ្លងឆ្នាំសកលនេះ គឺសមត្ថកិច្ចបានរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់បានល្អ ដែលធ្វើឱ្យភ្ញៀវទេសចរមកកម្សាន្តសប្បាយរីករាយ ដោយពុំមានបាតុភាពអ្វីកើតនោះឡើយ៕



ដោយ ឆាយ ម៉ុត





