សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីការចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីរំដោះជាតិ ពីរបបប្រល័យពូជសាសន៍របស់ប៉ុល ពតកាលពី៤៩ឆ្នាំមុន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកពីការចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីរំដោះជាតិ ពីរបបប្រល័យពូជសាសន៍របស់ប៉ុល ពតកាលពី៤៩ឆ្នាំមុន (២០មិថុនា១៩៧៧.២០មិថុនា២០២៦)។

នៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេនឹងដល់ខួប៤៩ឆ្នាំ នៃការចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍របស់ប៉ុល ពត (២០មិថុនា១៩៧៧.២០មិថុនា២០២៦)។ សម្ដេចតេជោបន្តថា ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះ ជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់។


ដើម្បីរម្លឹកដល់រឿងដ៏កម្សត់នោះ ខ្ញុំសូមចាក់ផ្សាយចម្រៀងចំនួន៧បទ ដែលខ្ញុំនិពន្ធដោយផ្ទាល់ មាន ១.ថ្ងៃស្អែកបែកគ្នា ២.សំបុត្រផ្តាំលា ៣.ចាកចោលទ្រនំចាស់ ៤.ភ្លៀងធំនឹកប្តីយប់២០មិថុនា ៥.អក្ខរាប្រហារដួងចិត្ត ៦.ទឹកភ្នែកបែកគ្នា ៧.ទឹកភ្នែកស្រក់ចូលចានបាយ។ ចម្រៀងទាំង៧បទនេះគ្របដណ្តប់នូវព្រឹត្តិការណ៍ដែលបានកើតឡើងនូវរឿងឈឺចាប់ ដែលមិនអាចបំភ្លេចបាននាពេលនោះ។

ចម្រៀងទាំង៧បទនេះយកតាមលំនាំប្រពៃណី និងច្រៀងដោយលោក ឌៀប សិដ្ឋសុធា និង អ្នកនាង ចំរើន ចរិយា៕
ដោយ៖ ជឹម ណារី





