ឯកឧត្តម សុខ លូ នាំអំណោយមនុស្សធម៌របស់សប្បុរសជនផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះបំផុត នៅក្រុងបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលនៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានដឹកនាំសមាជិក គណៈកម្មាធិការ សាខាមន្ត្រីប្រតិបត្តិសាខាអនុសាខានិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍ទី២៣ ខែឧសភា ឆ្នាំ២០២៦ ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ដែលទទួលបានពីសប្បុររសជនក្នុងឱកាសទិវា ៨ឧសភា ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋងាយរងគ្រោះក្នុងភូមិកាប់គោរថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង ។ ពិធីចែកអំណោយខាងលើនេះបានរៀបចំឡើង តាមគេហដ្ឋានគ្រួសារងាយរងគ្រោះនីមួយៗ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សុខ លូបានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដោយក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅថ្វីបើលោកមិនបានអញ្ជើញមកក៏ពិតមែន តែលោក តែងតែ បានចាត់សាខា អនុសាខាចុះមកសាកសួរសុខទុក្ខដោយផ្ទាល់។

សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែល សប្បុរសជន គ្រប់ មជ្ឈដ្ឋានបានផ្តល់ជូនកាកបាទក្រហមកម្ពុជា និងជាសក្ខីភាពមួយយ៉ាង ច្បាស់ដែលបង្ហាញ ពីតម្លាភាព និងគណនេយ្យភាពរបស់កាកបាទក្រហមកម្ពុជាក្នុងការប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ ឧសភា) ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រាលទុក្ខលំបាកដល់ ជនងាយរងគ្រោះបំផុត នៅតាមសហគមន៍ ដែលត្រូវការឱ្យជួយជាចាំបាច់។
គួរបញ្ជាក់ផងដែរថា អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៦គ្រួសារនៅសង្កាត់អូចារខាងលើនេះ គ្រួសារនីមួយៗទទួលបាន អង្ករ មី ត្រីខ ទឹកបរិសិទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងឃីត ក្រមា មុង និងថវិកាមួយចំនួន ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





