អភិបាលខេត្តក្រចេះ និងឯកអគ្គរដ្ឋទូតវៀតណាម ពិភាក្សាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការដៃគូអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែនរវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦--អភិបាលខេត្តក្រចេះ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាគ្នា ក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការដៃគូអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែនរវាងប្រទេសទាំងពីរ។

ក្នុងកិច្ចពិភាក្សាកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តក្រចេះ រវាងឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្ដម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីគោលបំណងក្នុងការស្វែងយល់ទៅលើស្ថានភាពភូមិសាស្រ្ត និងប្រជាសាស្រ្តដែលមានសក្តានុពលក្នុងការវិនិយោគ ដើម្បីបង្កើនការអភិវឌ្ឍបន្ថែមក្នុងវិស័យកសិ-ឧស្សាហកម្ម សំដៅបង្កើតការងារ និងប្រាក់កម្រៃដល់ប្រជាពលរដ្ឋកាត់បន្ថយការចំណាកស្រុក ជាពិសេសការសម្រួលដល់ដំណើរការនាំចេញនិងនាំចូលនូវទំនិញ ផលិតផលកសិកម្ម កសិឧស្សាហកម្ម ការចូលមកដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនវិនិយោគិននានា ការពិនិត្យព្យាបាល ការចូលមកស្នាក់នៅ និងការប្រកបមុខរបរ រួមទាំងការសិក្សារបស់កូនចៅប្រជាជននៃប្រទេសទាំងពីរ។

ដោយផ្អែកលើចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមកាន់តែត្រូវបានពង្រឹង និងពង្រីកបានធ្វើឱ្យខេត្តក្រចេះ និងក្រុងដុងណាយ សម្រេចបាននូវកិច្ចសហប្រតិបត្តិការបានយ៉ាងរឹងមាំ ដោយបានចុះអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តក្រចេះ និងគណៈកម្មាធិការប្រជាជនក្រុងដុងណាយ ដើម្បីពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើគ្រប់វិស័យរវាងភាគីទាំងពីរដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសការបោះបង្គោលព្រំដែនរវាងខេត្តក្រចេះ និងក្រុងដុងណាយសម្រចបាន១០០% បានបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងត្រួតពិនិត្យថែរក្សាបង្គោលព្រំដែនបានល្អ។

ក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្តក្រចេះបានទទួលយកនូវសំណើមួយចំនួនពីប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយបញ្ជាក់ថានឹងបន្តពិនិត្យកែសម្រួលឱ្យកាន់តែស៊ីជម្រៅទៅនឹងនីតិវិធីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតនូវក្រុមការងារគណៈកម្មាធិការមួយដោយមានស្នងការរដ្ឋាននគរបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធចូលរួម ដើម្បីពិភាក្សាទៅលើចំណុចទាំងអស់នេះឱ្យកាន់តែឆាប់រហ័ស៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តក្រចេះ)





