ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារនេះ ត្រូវបានរៀបចំដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយមានបំពាក់ នូវឧបករណ៍បច្ចេកវិទ្យាទំនើបដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានា សន្តិសុខនិងសុវត្ថិភាពរបស់អគារ គួបផ្សំជាមួយរចនាបថនិងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត។ ពិសេសជាងនេះ អគារនេះត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើ ដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការទទួលបានសេវាគាំទ្រពាក់ព័ន្ធផ្សេងៗទៀត។
ជាក់ស្តែង កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងអំឡុងពេលកំពុងដំណើរការ សាកល្បង អគារនេះក៏ត្រូវបានប្រើប្រាស់ជាទីតាំងសម្រាប់រៀបចំ វេទិកាពន្ធដារកម្ពុជា ២០២៦ ដែលជាវេទិកាដែលត្រូវបានរៀបចំឡើងស្របតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានតំណាងបរទេស និង សមាគម-សភាពាណិជ្ជកម្មជាច្រើនពីវិស័យឯកជន។ ការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះបានដោយជោគជ័យ គឺជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាព និងលក្ខណៈពិសេសរបស់ អគាររដ្ឋដ៏ទំនើបនេះ ក្នុងការបម្រើជាវេទិកាសម្រាប់កិច្ចប្រជុំ កម្មវិធីផ្លូវការ និងការពង្រឹង កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធនានានៅគ្រប់កម្រិត។
សមិទ្ធផលនេះទៀតសោត មិនត្រឹមតែជានិមិត្តរូបនៃភាពរីកចម្រើនផ្នែករូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការរីកចម្រើននៃសមត្ថភាពរបស់រដ្ឋបាលសារពើពន្ធ ក្នុងការបំពេញ បេសកកម្មប្រមូលចំណូល និងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងភាពឆ្លាតវៃ៕
ដោយ៖ គង់ សិរីរ័ត្ន





