ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាមត្រូវបានសម្ពោធដាក់ឱ្យដំណើរការហើយ នាពេលនេះ
AKP កំពង់ចាម ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ដែលជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ។ពិធីសម្ពោធត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា ភិបាលខេត្តកំពង់ចាម។

ថ្លែងក្នុងពិធីសម្ពោធនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពង់ចាម ដែលដាក់ឲ្យដំណើរការនាពេលនេះគឺជាសមិទ្ធផលដ៏សំខាន់ថ្មីមួយទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតដែលមាន សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្រោមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈលើកកម្ពស់ជីវភាពរស់នៅ និងការគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមប្រកបដោយបរិយាបន្ន។

ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងថា ប្រព័ន្ធផ្គត់ផ្គងទឹកស្អាតនេះបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកកំពុងចាមបានចំនួន ១១៦០០ម៉ែត្រគូប បន្ថែមទៀតក្នុងមួយថ្ងៃ និងពង្រីកវិសាលភាពនៃសេវាទឹកកស្អាតសម្រាប់ក្រុងកំពង់ចាម និងតំបន់ជុំវិញ ហើយអត្រាខ្នងផ្ទះ ភ្ជាប់សេវាទឹកស្អាតក្នុងតំបន់សេវាកម្មបានកើនឡើងពីប្រមាណ៤៩,៧២%ក្នុងឆ្នាំ២០១៨ ដល់ ៧៦% ក្នុងឆ្នាំ២០២៥ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពល អាជីវកម្ម សាលារៀន មណ្ឌលសុខភាព និងសហគមន៍មូលដ្ឋានក្នុងខេត្តកំពង់ចាម។ការទទួលបានសេវកម្មទឹកស្អាត មិនត្រឹមតែបានរួមចំណែកលើកកម្ពស់អនាម័យ និងសុខភាពសាធារណៈប៉ុណ្ណោះទេ វាថែមទាំងបានគាំទ្រដល់ផលិតភាពសេដ្ឋកិច្ច ការវិនិយោគ ការអភិវឌ្ឍន៍ក្រុង និងឧស្សាហកម្មប្រកបដោយចីរភាព ផងដៃ។

ឯកឧត្តម ហែមវណ្ណឌីបាន បញ្ជាក់ថា រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយកំណត់យកនូវអាទិភាពគន្លឹះចំនួន៥រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា។ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដែលគ្រប់គ្រងលើ វិស័យ ទឹកស្អាត បាន និងកំពុង អនុវត្តបេសកកម្មរបស់ខ្លួន ប្រកបដោយស្មារតី បុរេសកម្មក្នុងការឈានទៅសម្រេចបាននៅឆ្នាំ ២០៣០ សម្រេចបាននូវ គោលដៅ និងសមធម៌នូវទឹកបរិភោគដែល ទី១គឺមានគុណភាព និងទី២តម្លៃ សមរម្យចំពោះ អ្នកប្រើប្រាស់ ដោយឈរលើ ចក្ខុវិស័យ៤គឺ ទី១គុណភាព,ទី២ សុវត្ថិភាពចំពោះសុខភាព, ទី៣ត្រូវ មាននិរន្តភាព២៤ម៉ោង ក្នុង២៤ម៉ោង និងទី៤ គឺតម្លៃសមរម្យដល់អ្នកប្រើប្រាស់។ទឹកស្អាត គឺជាកម្លាំងចលករដើម្បីជម្រុញបដិវត្ដន៍សេដ្ឋកិច្ច ស្របតាមទិសស្លោក ទីណាមានទឹកស្អាត ទីនោះមានការផ្លាស់ប្តូរសេដ្ឋកិច្ច។

ឯកឧត្តម ហែម វណ្ណឌី ក៏បានបន្ថែមទៀតថា៖ សមិទ្ធផលថ្មីលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត វាគឺជាការវិនិយោគទៅលើប្រជាជន សុខភាពសាធារណៈ និងអនាគតរបស់ក្រុងកំពង់ចាម នឹងបន្តរីកចម្រើន សេដ្ឋកិច្ចរឹងមាំ ប្រកបដោយសមភាព និងសមធម៌ក្នុងសង្គម។គម្រោងនេះបង្ហាញពីភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់វិស័យទឹកស្អាត រួមចំណែកកែលម្អជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍ទីក្រុង និងតំបន់ប្រជុំជនប្រកបដោយចីរភាព និងបរិយាបន្ន៕
ដោយ ឆាយម៉ុត





