អនុប្រធានអាជ្ញាធរទន្លេសាបដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានីយជលសាស្រ្តនៅក្នុងខេត្តចំនួ ៤ជុំវិញបឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអនុវត្តគម្រោងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដើម្បីចុះត្រួតពិនិត្យ និងជួសជុលថែទាំស្ថានីយជលសាស្ត្រ និងឧតុនិយមស្វ័យប្រវត្តិ ចំនួន ៤ទីតាំង ក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកំពង់ធំ ។

ស្ថានីយជលសាស្ត្រ និងឧតុនិយមស្វ័យប្រវត្តិ ចំនួន ៤ទីតាំងរួមមាន៖
ទី១ ពិនិត្យ និងសិក្សាជ្រើសរើសទីតាំង ដើម្បីដំឡើងស្ថានីយជលសាស្រ្ត និងឧតុនិយមឡើងវិញ ចំណុចស្ពានបាក់ត្រកួន ស្ទឹងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ដែលបានប៉ះពាល់ដោយការសាងសង់ស្ពានបេតុង, ទី២ ថែទាំ សម្អាតព្រៃ និងជីករណ្តៅនាំទឹកចូលស្ថានីយជលសាស្ត្រ (H.R) ចំណុចស្ពាន ច្រាំងចោត (ស្ទឹងសង្កែ) ស្រុកបាណន់,ទី៣ ជួសជុល និងថែទាំស្ថានីយឧតុនិយម (AWS) ចំណុចបឹងទន្លេឆ្មារ ឃុំពាមបាង ស្រុកស្ទោងនិងទី៤ សិក្សាវាយតម្លៃ លើកសំណើរគម្រោងផ្លាស់ប្តូរទីតាំងស្ថានីយជលសាស្រ្ត និងឧតុនិយម (H.R, AWS) ចំណុចឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

សូមបញ្ជាក់ផងដែរថា កន្លងមកអាជ្ញាធរទន្លេសាបបានដំឡើងស្ថានីយជលសាស្ត្រ និងឧតុនិយមដោយស្វ័យប្រវត្តិ ចំនួន ១១ស្ថានីយ លើ៨ទីតាំង ដែលទទួលបានពីគម្រោងកិច្ចសហការរវាងអាជ្ញាធរទន្លេសាប និងវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រ និងស្វ័យប្រវត្តិកម្មការអភិរក្សទឹកណានជីង (មេគង្គ-ឡាងឆាង) នៃក្រសួងធនធានទឹកចិន ក្រោមគម្រោងសាកល្បងនៃការអង្កេតទិន្នន័យជលសាស្ត្រ និងបច្ចេកវិទ្យាបញ្ចូនស្វ័យប្រវត្តិ តំបន់អាងទន្លេសាប ឆ្នាំ២០២១ -២០២២៕

ដោយ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





