ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង អំពាវនាវដល់មន្ត្រីរាជការ សប្បុរសជន ចូលរួមជាមូលនិធិសម្រាប់អបអរសាទរទិវាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភាខួបលើកទី១៦៣
AKPកំពង់ធំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--លោកសាយ គឹមឡម និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងអំពាវនាវដល់មន្ត្រីរាជការ សប្បុរសជន ចូលរួមជាមូលនិធិសម្រាប់អបអរសាទរទិវាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភាខួបលើកទី១៦៣។
លោក សាយ គឹមឡមបានធ្វើការអំពាវនាវដូច្នេះក្នុងកិច្ចប្រជុំស្ដីពីការកៀរគរមូលនិធិថវិកាសម្ភារសម្រាប់ចូលរួមអបអរសាទរ ខួបលើកទី១៦៣ នៃទិវាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភា ក្រោមមូលបទ"បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”នៅអគាររដ្ឋបាលស្រុកស្ទោងនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

លោកសាយ គឹមឡមបានសង្កត់ធ្ងន់ថាដោយមានការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំសូមព្រះមន្ត្រីសង្ឃគ្រប់អង្គ ឋានានុក្រម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ចូលរួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង តាមសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្តដែលជាការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ដ៏មានគុណតម្លៃបំផុត ដែលជាស្មារតីរួម មិនប្រកាន់បក្សពួកនិន្នាការនយោបាយ ពូជសាសន៍ឬពណ៌សម្បុរ និងសាសនាឡើយ។

លោក សាយ គឹមឡម បានក្រើនរំលឹកថែមទៀតដល់អាជ្ញាធរភូមិឃុំនិងការិយាល័យអង្គភាពពាក់ព័ន្ធ ត្រូវបង្កើនគុណភាព ប្រសិទ្ធភាពការងារជូនពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ក្នុងរដូវវស្សានេះ ហើយធ្វើរបាយការណ៍និងសំណើជួយសង្គ្រោះឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ស៊ុម វណ្ណា





