ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» ជូនដល់មន្ត្រីព័ត៌មានរាជធានី-ខេត្តទាំង២៥
AKP ភ្នំពេញ ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសដែលមកពីបណ្តាមន្ទីរព័ត៌មានទាំង ២៥រាជធានី-ខេត្ត យ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះសិក្ខាកាមទាំងអស់ ដែលមកពីបណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលបានខិតខំប្រឹងប្រែងត្រងត្រាប់ស្តាប់ ក្រេបជញ្ជក់ចំណេះដឹង និងចំណាយពេលវេលាដ៏មានតម្លៃក្នុងការសិក្សារយៈពេល ២ថ្ងៃកន្លងមកនេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។


ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ក្នុងការបំពាក់បំប៉នសមត្ថភាពបន្ថែមដល់មន្ត្រីព័ត៌មាន ក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ជាពិសេសគឺការកែលម្អ សុវត្ថិភាព និងការការពារគេហទំព័រផ្លូវការរបស់មន្ទីរឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ក្នុងការឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។


ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តទៀតថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយបែបបុរាណកាន់តែខើច ហើយការផ្សព្វផ្សាយបែបទំនើបកាន់តែកើនឡើងច្រើន តាមរយៈប្រព័ន្ធផ្សព្វផ្សាយឌីជីថលទំនើប ក្នុងន័យនេះដែរ ប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែកើនឡើងច្រើន កាន់តែទំនើបកម្ម លឿនរហ័ស ដែលធ្វើឱ្យអ្នកតាមដានទស្សនាតាមទូរទស្សន៍កាត់បន្ថយច្រើន ងាកមកមើលទូរស័ព្ទ ដូច្នេះស្ថានីយទូរទស្សន៍ខ្លះត្រូវបានបិទ ដោយខ្វះខាតហិរញ្ញវត្ថុ។ ប្រព័ន្ធផ្សព្វផ្សាយត្រូវបំពេញតាមតម្រូវប្រជាពលរដ្ឋដែលទទួលព័ត៌មាន ក្រសួងព័ត៌មានពង្រឹងការផ្សព្វផ្សាយព័ត៌មានដែលមានសណ្តាប់ធ្នាប់ ដែលក្រសួងដាក់ចេញតាមបណ្តារាជធានី ខេត្ត អនុវត្តដោយផ្សព្វផ្សាយបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋជាអ្នកតាមដានទស្សនា ដែលសព្វថ្ងៃប្រជាពលរដ្ឋតាមដានព័ត៌មានតាមទូរស័ព្ទ ដូច្នេះព័ត៌មានត្រូវតែមានសណ្តាប់ធ្នាប់ ច្បាស់លាស់ ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ជៀសវាងការទទួលបានព័ត៌មានមិនពិតប្រាកដ ដែលហៅថាព័ត៌មានក្លែងក្លាយ។
ឯកឧត្តមបានគូសបញ្ជាក់ថា គោលបំណងក្នុងការរៀបចំគេហទំព័រនេះ ដើម្បីឱ្យមន្ទីរព័ត៍មានរាជធានី ខេត្តមានកន្លែងស្តុកទិន្នន័យ រក្សាទិន្នន័យ ក៏ដូចជាការកសាងប្រព័ន្ធទិន្នន័យរួមរបស់ជាតិ ហើយការកសាងទិន្នន័យតាមប្រព័ន្ធឌីជីថល ជាពិសេស ដើម្បីងាយស្រួលក្នុងការស្វែងរកទិន្នន័យផ្សេងៗឡើងវិញដែលបាន Upload ចូល ។ ហើយនេះជាបេសកកម្មរបស់ក្រសួង និងមន្ទីរព័ត៌មានតាមបណ្តាខេត្ត ដែលកាន់តែមានប្រសិទ្ធភាព និងទំនើបកម្ម ក្នុងនាមជាស្ថាប័នជំនាញ។


ជាចុងក្រោយ ឯកឧត្តមបានជម្រុញឱ្យបណ្តាមន្ទីររាជធានីខេត្ត បង្កើត Content ឱ្យបានច្រើន បង្កើតមាតិកាចំណងជើងឱ្យបានទាក់ទាញ ខ្លឹមសារឱ្យមានប្រសិទ្ធភាពច្បាស់លាស់ ត្រឹមត្រូវពិតប្រាកដ និងជាពិសេសប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋត្រូវជម្រុញ ពង្រឹងគុណភាពប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែតែប្រសើរតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថលទំនើប ព្រោះនេះជាតួនាទី បើទោះបីជាទូរទស្សន៍ស្ថាប័នឯកជនត្រូវបានបិទ ដាច់ខាតទូរទស្សន៍ស្ថាប័នរដ្ឋ ត្រូវតែដំណើរការ និងផ្សព្វផ្សាយព័ត៌មាន ដែលជាប្រភពព័ត៌មានផ្លូវការច្បាស់លាស់ជូនដល់ប្រជាពលរដ្ឋដោយភាពទទួលខុសត្រូវខ្ពស់៕
ដោយ៖ ម៉ែន ប៊ុនធីម





