អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទទទួលជួបសម្ដែងការគួរសមជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត (Antonio G. Nafarrete) នាយសេនាធិការកងទ័ពហ្វីលីពីន ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត ដែលត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពហ្វីលីពីន ថ្មីៗនេះ ដោយចាត់ទុកការតែងតាំងនេះថាជាការទទួលស្គាល់ចំពោះភាពជាអ្នកដឹកនាំ និងការខិតខំរបស់ឯកឧត្តមក្នុងបុព្វហេតុការពារជាតិហ្វីលីពីន។
ជាមួយគ្នានេះ ឯកឧត្តមអគ្គមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដែលមានការរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការបញ្ជូនយោធាចារ្យ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។

ឯកឧត្តមក៏បានបង្ហាញជំនឿថា កងទ័ពទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខសាយប័រ ព្រមទាំងការងារមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ។

តាមគម្រោងនៃដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត នឹងអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងហ្វីលីពីន ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការការពារជាតិ ព្រមទាំងគាំទ្រយន្តការអាស៊ាន ដើម្បីរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕
ដោយ សំ សាម៉ (ប្រភព៖អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ)





