អភិបាលខេត្តតាកែវដឹកនាំមន្ត្រីជំនាញចុះបោះតម្រុយបង្គោលតម្រាយផ្លូវ ព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រស្រុកអង្គរបូរី
AKP តាកែវ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម វីសំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យដោយផ្ទាល់និងបោះតម្រុយបង្គោល តម្រាយផ្លូវព្រែកជីកហ្វូណនតេជោ។ការចុះពិនិត្យនិងបោះតម្រុយបង្គោលថ្មីនេះ ធ្វើឡើងនៅក្នុងភូមិសាស្ត្រស្រុកអង្គរបូរីខេត្តតាកែវ កាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។

នៅក្នុងឱកាសចុះពិនិត្យទីតាំងផ្ទាល់នោះ ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍បញ្ជាក់ថា ការចុះបោះបង្គោលតម្រុយថ្មីបន្ថែមនៅពេលនេះ គឺជាការអនុវត្តន៍ការងារបច្ចេកទេសយ៉ាងយកចិត្តទុកដាក់បំផុត។ដោយក្នុងនោះក្រុមការងារ បានសម្រេចដកបង្គោលតម្រុយចាស់ចំនួន១៩បង្គោលចេញ ដើម្បីធ្វើការតម្រង់និងកែសម្រួលខ្សែផ្លូវទឹកឡើងវិញ។ក្នុងគោលបំណងកាត់បន្ថយ និងបង្រួមផលប៉ះពាល់មកលើដីធ្លី ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមកនៅកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន។

ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម យោងទៅតាមបទដ្ឋានបច្ចេកទេស និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់។ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងអស់ ដែលតែងតែបង្ហាញនូវស្មារតីសហការគ្នា និងគាំទ្រយ៉ាងពេញទំហឹង ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រវត្តិសាស្ត្រ "ព្រែកជីកហ្វូណនតេជោ"មួយនេះ ដែលជាកេរមរតកដ៏មានតម្លៃ និងផ្តល់ប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់ទៅថ្ងៃមុខ។

ឯកឧត្តម វី សំណាងបានណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញទាំងអស់ត្រូវពន្លឿនការងារបោះបង្គោលតម្រាយផ្លូវ ព្រែកជីកហ្វូណនតេជោ ដោយធ្វើឡើងស្របទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងត្រូវកំណត់ទីតាំងបោះបង្គោលទាំងនោះឱ្យបានជាក់លាក់។ហើយនៅចុងឆ្នាំ២០២៦នេះ គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់១១ទីតាំង ក្នុងខេត្តតាកែវព្រមៗគ្នា ដើម្បីស្របតាមទស្សនវិស័យឆ្នាំ២០២៨។ហើយក្រោយគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រួច នឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងដឹកជញ្ជូនក្នុងតំបន់ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ដោយ អ៊ុច សៀង





