មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនាំយកអំណោយសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកបរិបូណ៌
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំនាយទាហានមួយចំនួន សហការជាមួយអាជ្ញាធរស្រុកបរិបូណ៌ ដោយមានការចូលរួមពីលោក ចេង ចាន់ដូណា អភិបាលស្រុក ព្រមទាំងកម្លាំងទាំងបី នាំយកអង្ករចំនួន១០០គីឡូក្រាម គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ចំនួន ០២គ្រួសារ (រស់នៅក្នុងផ្ទះតែមួយ) ក្នុងនោះ៖ ១. ឈ្មោះ ឡេង ណន ភេទស្រី មានសមាជិកគ្រួសារ ០៥នាក់។ ២. ឈ្មោះ ប៉ុយ សុចាន់ មានសមាជិកគ្រួសារ០៧នាក់ ដែលរងគ្រោះដោយគ្រោះមហន្តរាយខ្យល់កន្ត្រាក់បក់ក្រឡាប់ផ្ទះទឹក០១ខ្នង ទំហំ ៥×១០ម៉ែត្រ ខូចខាតសម្ភារអស់ទាំងស្រុង នៅក្នុងភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ កាលពីម៉ោង២១៖០០នាទីយប់មិញនេះ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមមេបញ្ជាការបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងនិងក្តីសោកស្តាយរបស់សម្តេចធិបតី និងលោកជំទាវ ចំពោះគ្រួសារប្រជាពលរដ្ឋទាំង២គ្រួសារ និងបានបន្តថា សម្តេចធិបតី និង លោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ក្នុងនោះសម្តេចតែងតែឧបត្ថម្ភសម្ភារៈ គ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត ឬរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ។

ក្រុមគ្រួសារប្រជាពលរដ្ឋទាំង០២គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត និងជូនពរសម្តេច និងលោកជំទាវ សូមមានសុខភាពល្អ និង ជួបតែនូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ សំ សាម៉ន (ប្រភព៖ កងទ័ពជើងគោក)





