ពិធីចុះហត្ថលេខាកិច្ចសន្យាសាងសង់ និងកិច្ចសន្យាត្រួតពិនិត្យគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណប កោះនរា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាកិច្ចសន្យាសាងសង់ និងកិច្ជសន្យាត្រួតពិនិត្យគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណប កោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រវាងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានគម្រោង ធីភី ម៉ូរ៉ាល់ គ្រុប ឯ. ក តំណាងដោយ លោកឧកញ្ញ ឃុន សេងផេង ជាមួយក្រុមហ៊ុនសាងសង់ Zhejiang Huan Xin Traffic Engineering Co., Ltd. តំណាងដោយ លោក ជូ ឆាងហ្គិន (Zhu Changgen) អគ្គនាយកក្រុមហ៊ុន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Zhejiang Institute of Communications Co., Ltd. សហការជាមួយក្រុមហ៊ុន Mekong PWT Engineering Co., Ltd. ដែលជាក្រុមហ៊ុនក្នុងស្រុក តំណាងដោយលោក Guo Rui ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឧកញ៉ា ឆាល វ៉ាន់ អគ្គនាយករងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តម ប៉េង ពោធិ៍នា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសក្រសួង និងក្រុមហ៊ុនដែលបានរួមគ្នាជំរុញការសិក្សា និងរៀបចំគម្រោងនេះរហូតដល់ការចុះហត្ថលេខានាថ្ងៃនេះ។ គម្រោងនេះគឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយការកកស្ទះចរាចរណ៍ និងពង្រឹងការតភ្ជាប់ផ្លួវ ស្ពានប្រទាក់ក្រឡាស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ឱ្យយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព គុណភាពសំណង់ និងការអនុវត្តការងារប្រកបដោយឯករាជ្យ និងសុចរិតភាព ព្រមទាំងជំរុញការចែករំលែកចំណេះដឹងដល់វិស្វករកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងនេះ។


សូមជម្រាបជូនថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ទៅកាន់ទីក្រុងរណប កោះនរា នេះនឹងជួយជម្រុញការតភ្ជាប់រវាងភាគខាងកើត និងភាគខាងលិចនៃរាជធានីភ្នំពេញ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង ជាពិសេសនៅលើគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងជួយពង្រីកការអភិវឌ្ឍន៍ និងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជនរស់នៅភាគខាងកើតរាជធានីភ្នំពេញ និងក្នុងខេត្តកណ្តាល៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ)





