កិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិ បញ្ចប់អេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់
អេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖

១.ពិនិត្យ និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ តាមរយៈការពិនិត្យសេចក្តីព្រាង របាយ ការណ៍វឌ្ឍនភាពឆ្នាំ២០២៥ ព្រមទាំងកំណត់បញ្ហាប្រឈម និងទិសដៅបន្ត។ ២. ពង្រឹងកិច្ចសហការ និងការសម្របសម្រួលអន្តរក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ៣.ជំរុញការអនុវត្តវិធានការបង្ការ ការថែទាំ និងការព្យាបាល ព្រមទាំងការធានាចីរភាពនៃកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ៤.លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចគាំពារសង្គម និងការទទួលបានសេវាចាំបាច់របស់អ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគោលដៅ ដោយផ្អែកលើគោលការណ៍សមធម៌ និងបរិយាបន្ន។

៥.ពង្រឹងការបង្ការ និងកាត់បន្ថយការរើសអើង និងការមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនងាយរងគ្រោះ ជាពិសេសយុវវ័យ ដើម្បីធានាការទទួលបានសេវាសុខភាពប្រកបដោយសមភាព និងគ្មានការរើសអើង។ ៦.បន្តជំរុញភាពជាម្ចាស់ និងការទទួលខុសត្រូវក្នុងការកៀរគរធនធាន និងពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីធានាចីរភាពហិរញ្ញវត្ថុនៃកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍)





