មន្ទីរសង្គមកិច្ចខេត្តកណ្ដាលរៀបចំទិវាមនុស្សចាស់កម្ពុជា ១តុលា ឆ្នាំ២០២៦
AKP កណ្ដាល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ទិវាមនុស្សចាស់ ជាទិវាមួយសម្រាប់រំលឹកគុណដល់លោកតា លោកយាយ អ៊ុំ មា មីង ជាមនុស្សវ័យចាស់ និងបុព្វការីជនដែលជាអ្នកបានចូលរួមកសាង អភិវឌ្ឍន៍សង្គមជាតិ និងជាអ្នកផ្តល់ នូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងស្នាដៃជាច្រើនទៀត បន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ។

លោក អភិបាលរងខេត្តកណ្តាល បញ្ជាក់ដូច្នេះ នៅក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ ”ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍” ដែលបានរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពី មន្ទីរជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច និងជនវ័យចាស់ប្រមាណ ៣០០ នាក់ ។ លោក បាននាំយកមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្តេច តែងតែបានផ្តល់នូវក្តីអាណិតស្រឡាញ់សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ របស់លោកតា លោកយាយ ព្រឹទ្ធាចារ្យ អ៊ំ មា មីង និងជនរួមជាតិទាំងអស់ តាមរយៈសារលិខិតរបស់ សម្តេច ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ។រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលក្នុងនោះមាន និវត្តន៍ជនជាមន្ត្រីរាជការស៊ីវិល និវត្តន៍ជនជាអតីតយុទ្ធជន ជនមានពិការភាព និងជនចាស់ជរាក្រីក្រគ្មានទីពឹង តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រសម្រាប់មនុស្សវ័យចាស់ ការផ្តល់សេវាសង្គមកិច្ច និងការបើកផ្តល់របបគោលនយោបាយ ព្រមទាំងបានបង្កើតយន្តការនានា ដើម្បីបង្កើនប្រសិទ្ធភាព និងធានានូវតម្លាភាពក្នុងការអនុវត្តកម្មវិធីគោលនយោបាយសម្រាប់មនុស្សចាស់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីឱកាស និងបញ្ហាប្រឈម របស់មនុស្សវ័យចាស់ និងជំរុញឱ្យគ្រួសារ សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់គិតគូរ និងដោះស្រាយការលំបាកនានារបស់មនុស្សវ័យចាស់ តាមរយៈការរៀបចំគោលនយោបាយ ការផ្តល់សេវានានាឆ្លើយតបនឹងតម្រូវការ និងការលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង។

លោក វង្ស ចំណាន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត បានមានប្រសាសន៏ថា ខេត្តកណ្តាលមានប្រជាជនសរុបចំនួន ១ ៤៣៤ ៣៣៦នាក់ ក្នុងនោះមនុស្សចាស់ ជាអតីតមន្ត្រីរាជការ និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ចំនួន៤ ៦៧៧នាក់ និងអតីតយុទ្ធជន និងបាត់បង់សមត្ថភាពការងារ សរុបចំនួន២ ៨២៩នាក់។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាល ភាពរបស់មនុស្សចាស់ ជាក់ស្តែងនៅខេត្តកណ្តាល បានដោះស្រាយរបបគោលនយោបាយនានា ជូនដល់មនុស្សចាស់ជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន ៧.៥០៦នាក់ ចំណាយថវិកាក្នុង១ខែ ៧ ៤០៩ ២០២ ៨០០រៀល ក្នុងនោះរួមមាន អតីតមន្ត្រីរាជការស៊ីវិល និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៤ ៦៧៧នាក់ សរុបថវិកា ចំនួន ៤ ១៥៨ ៩០៦ ៩០០ រៀល ។ អតីតយុទ្ធជន និងបាត់បង់សមត្ថភាពការងា ចំនួន២ ៨២៩នាក់ សរុបថវិកា ចំនួន ៣ ២៥០ ២៩៥ ៨០០រៀល ។ បច្ចុប្បន្នមនុស្សវ័យចាស់ចូលនិវត្តន៍ ទាំងអស់ កំពុងបើកប្រាក់សោធន របបសន្តិសុខសង្គមប្រចាំខែ នៅតាមប្រព័ន្ធធនាគារអេស៊ីលីដា តាមបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ ដែលពួកគាត់ កំពុងរស់នៅ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





