ឯកឧត្តម គន់ គីម ជំរុញឱ្យវាយតម្លៃការខូចខាតស្រូវដោយទឹកជំនន់ឱ្យបានច្បាស់លាស់ ដើម្បីស្តារជីវភាពប្រជាកសិករនៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឱ្យរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ បន្តពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដោយសារទឹកជំនន់លើដំណាំស្រូវឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ព្រមទាំងស្តារផលិតកម្មកសិកម្ម និងជីវភាពប្រជាពលរដ្ឋដែលរងគ្រោះ។

ការជំរុញនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវនៅតាមបណ្តាក្រុង-ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចូ លរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អភិបាលក្រុង-ស្រុក មេឃុំ មន្ត្រីកសិកម្មឃុំ និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៦ នៅសាលប្រជុំ "ក" សាលាខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះម ហន្តរាយ និងរដ្ឋបាលខេត្តបន្ទាយ មានជ័យ បានបង្ហាញថា គ្រោះមហន្ត រាយដោយជំនន់ទឹកភ្លៀងបានធ្វើឱ្យផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់សរុបចំនួន ៣៦.១៣៥ ហិកតា ក្នុងនោះផ្ទៃដីស្រូវដែលរងការខូចខាតមានចំនួន ២.៣៥១ ហិកតា។ តួលេខនេះបង្ហាញពីផលប៉ះពាល់គួរឱ្យកត់សម្គាល់លើវិស័យកសិកម្ម ដែលជាប្រភពចំណូល និងជីវភាពសំខាន់របស់ប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យបន្តចុះពិនិត្យជាក់ស្តែងនៅតាមមូលដ្ឋាន ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យអំពីផ្ទៃដីដែលរងផលប៉ះពាល់ និងខូចខាតឱ្យបានត្រឹមត្រូវ ព្រមទាំងវាយតម្លៃពីស្ថានភាពគ្រួសារកសិករដែលរងគ្រោះ និងលទ្ធភាពស្តារផលិតកម្មឡើងវិញ។

ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបែងចែកឱ្យបានច្បាស់រវាងផ្ទៃដីដែលរងផលប៉ះពាល់ និងផ្ទៃដីដែលខូចខាតជាក់ស្តែង ព្រមទាំងការពិនិត្យលទ្ធភាពដាំដុះស្តារឡើងវិញ ក្រោយទឹកស្រក និងប្រភពទឹកដែលអាចប្រើប្រាស់សម្រាប់ស្រោចស្រព។ ការវាយតម្លៃទាំងនេះ គឺជាមូលដ្ឋានចាំបាច់សម្រាប់រៀបចំសំណើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការពិនិត្យលទ្ធភាពជួយសង្គ្រោះ និងស្តារជីវភាពគ្រួសារដែលទទួលរងផលប៉ះពាល់។
ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឱ្យយកចិត្តទុកដាក់លើការផ្តល់គ្រាប់ពូជស្រូវ គ្រាប់ពូជដំណាំរួមផ្សំ និងស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះ និងគ្រួសារដែលមានការខ្វះខាត ឱ្យបានទាន់ពេលវេលា ស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវពិនិត្យ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។
ដោយឡែក ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍អំពីស្ថានភាពគ្រោះ មហន្តរាយដោយជំនន់ទឹកភ្លៀងនៅក្នុងខេត្ត ជាពិសេសផលប៉ះពាល់លើផ្ទៃដីដំណាំស្រូវនៅតាមក្រុង-ស្រុកនានា ដើម្បីឱ្យអង្គប្រជុំបានពិនិត្យ និងវាយតម្លៃរួមគ្នា ព្រមទាំងកំណត់ទិសដៅអន្តរាគមន៍សមស្របទៅតាមស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗ។
របាយការណ៍របស់រដ្ឋបាលខេត្តបានក្លាយជាមូលដ្ឋានសម្រាប់ពិភាក្សាអំពីទំហំផលប៉ះពាល់ កម្រិតនៃការខូចខាត និងតម្រូវការជំនួយចាំបាច់របស់ប្រជាកសិករ ដោយផ្តោតលើការប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ការសម្របសម្រួលរវាងអាជ្ញាធរ និងមន្ទីរជំនាញ ព្រមទាំងការរៀបចំវិធានការស្តារផលិតកម្មកសិកម្មឱ្យស្របតាមស្ថានភាពទឹក និងរដូវកាលដាំដុះ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពដំណាំស្រូវដែលរងការជន់លិចនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ព្រមទាំងពិនិត្យស្ថានភាពទឹកជន់លិចនៅតាមសងខាងផ្លូវវាងក្រុងសិរីសោភ័ណ ដែលមានព្រំប្រទល់ជាប់នឹងស្រុកមង្គលបូរី ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង។

ការចុះពិនិត្យដល់មូលដ្ឋាននេះ ក៏ជាផ្នែកមួយនៃការតាមដានស្ថានភាពគ្រោះ មហន្តរាយ និងការប្រមូលព័ត៌មានបន្ថែម ដើម្បីជួយឱ្យការវាយតម្លៃ និងការរៀបចំផែនការឆ្លើយតបមានភាពត្រឹមត្រូវ និងសមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ជារួមការវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវនៅខេត្តបន្ទាយមានជ័យ មិនត្រឹមតែជាការកំណត់ទំហំការខូចខាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានសំខាន់ក្នុងការរៀបចំជំនួយសង្គ្រោះ និងផែនការស្តារផលិតកម្មកសិកម្មឡើងវិញ។ ការប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ការកំណត់គ្រួសាររងគ្រោះ និងការឆ្លើយតបឱ្យបានទាន់ពេលវេលា នឹងរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាកសិករ និងជួយឱ្យពួកគេមានលទ្ធភាពបន្តការដាំដុះ និងស្តារជីវភាពឡើងវិញ ក្រោយគ្រោះមហន្ត រាយដោយជំនន់ទឹកភ្លៀង៕
ដោយ៖ឈុនសារ៉ាត





