ក្រុមកម្ពុជា ឈ្នះ មីយ៉ាន់ម៉ា ១-០ ពូល B ពាន Division 2 FIFA ASEAN CUP 2026
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦--កីឡាករ ស៊ិន កក្កដានៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្វើសម្រេចបាន១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះ នៅនាទី៩០+៤ ដោយលទ្ធផល ១-០ លើក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល B កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នៃពានរង្វាន់ Division 2 FIFA ASEAN CUP 2026 នៅកីឡដ្ឋាន Kai Tak Stadium ទីក្រុងហុងកុង។

ជ័យជម្នះ៣ពិន្ទុ នៅក្នុងប្រកួតដំបូងនេះបានធ្វើឱ្យក្រុមកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងពូល B តាមពីក្រោយដោយក្រុមមីយ៉ាន់ម៉ា ឈរលេខ២ មាន៣ពិន្ទុដែរ ប៉ុន្តែមីយ៉ាន់ម៉ាអស់ប្រកួតក្នុងពូល B ក្រោយឆ្លងកាត់២ប្រកួត ឈ្នះ១ និងចាញ់១ ខណៈក្រុមទីម័រខាងកើត ឈរលេខ៣ ជាមួយ ០ពិន្ទុ។ ក្រុមកម្ពុជានឹងត្រូវបន្តប៉ះជាមួយក្រុមទីម័រខាងកើត ដែលជាប្រកួតចុងក្រោយ នាថ្ងៃទី៣០ ខែកញ្ញា នៅកីឡដ្ឋាន Kai Tak Stadium ទីក្រុងហុងកុង។ ក្រុមចំណាត់ថ្នាក់លេខ១នៃពូល B នេះនឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុមលេខ១នៃពូល A ដើម្បីដណ្តើមពានរង្វាន់ Division 2 FIFA ASEAN CUP 2026។

ដោយឡែក ពូល A នៃ Division 2 FIFA ASEAN CUP 2026 ដែលមាន៣ក្រុមដែរនោះ គឺមានម្ចាស់ផ្ទះ ហុងកុង ឡាវ និងព្រុយណេ ដោយក្រុមហុងកុងកំពុងក្តោបក្តាប់តំណែងលេខ១ មាន៣ពិន្ទុ ក្រុមឡាវ លេខ២ មាន៣ពិន្ទុ (អស់ប្រកួត) ខណៈព្រុយណេ មាន ០ពិន្ទុ។

FIFA ASEAN CUP 2026 ត្រូវបានបែងចែកជា២កម្រិត ដោយកម្រិតទី១ មានក្រុមចំណាត់ថ្នាក់ពិភពលោកខ្ពស់ៗជាងចំនួន៦ ក្នុងតំបន់អាស៊ាន រួមទាំងក្រុមអាស៊ីចំនួន២ គឺបង់ក្លាដែស និងប៉ាគីស្ថាន សរុប៨ក្រុម ខណៈកម្រិតទី២ Division 2 មានចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) ទាបៗចំនួន៥ក្នុងអាស៊ាន បូកក្រុមហុងកុង សរុប៦ក្រុម។ សម្រាប់ FIFA ASEAN CUP Division 2 នេះមាន៦ប្រទេស ចែកជា ២ពូល គឺពូល A ម្ចាស់ផ្ទះ ហុងកុង, ឡាវ និងព្រុយណេ ខណៈពូល B មានក្រុមមីយ៉ាន់ម៉ា ទីម័រខាងកើត និងក្រុមកម្ពុជា។ ២ប្រកួតរបស់ក្រុមកម្ពុជា ក្នុងពូល B គឺប៉ះក្រុម មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែកញ្ញា និងប៉ះក្រុមទីម័រខាងកើត នាថ្ងៃទី៣០ ខែកញ្ញា នៅកីឡដ្ឋាន Kai Tak Stadium ទីក្រុងហុងកុង។ ចំពោះវគ្គផ្តាច់ព្រ័ត្រ គឺក្រុមចំណាត់ថ្នាក់លេខ១នៃពូលA នឹងត្រូវប្រកួតដណ្តើមជើងឯកជាមួយក្រុមលេខ១ពូល B នាថ្ងៃទី០៣ ខែតុលាខាងមុខ។

គួរបញ្ជាក់ថា ការប្រកួត FIFA ASEAN Cup ឆ្នាំ២០២៦ គឺជាការប្រកួតលើកដំបូងបង្អស់នៃព្រឹត្តិការណ៍ FIFA ASEAN Cup ដែលជាការប្រកួតបាល់ទាត់អន្តរជាតិទទួលស្គាល់ដោយ FIFA សម្រាប់ក្រុមជម្រើសជាតិបុរសមកពីតំបន់អាស៊ីអាគ្នេយ៍ និងក្រុមភ្ញៀវ៕
ដោយ ហេង ណាលីន (រូបភាព៖ FFC)





