លោក កែ សួនសុភាព និងក្រុមការងារ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងការពារព្រំដែន ទិសតាមាន់សែនជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ --ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវីរកងទ័ពជួរមុខ លោក កែ សួនសុភាព អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគជាច្រើន រួមទាំងជំនួយឧបត្ថម្ភពីក្រុមហ៊ុនទឹកផ្លែឈើ Yeo's ទៅប្រគល់ជូនដល់កងកម្លាំងការពារព្រំដែន ដែលកំពុងឈរជើងប្រចាំការយ៉ាងរឹងមាំនៅទិសតាមាន់សែនជ័យ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។
ក្នុងឱកាសជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលនោះ លោក កែ សួនសុភាព បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាង និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជូនចំពោះបងប្អូនកងកម្លាំងជួរមុខទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ប្រកបដោយភាពអង់អាចក្លាហាន និងឆន្ទៈមោះមុតក្នុងការការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជាតិជូនមាតុភូមិ។


លោកអភិបាលរងខេត្ត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ចំពោះវីរភាព ការលះបង់សាច់ស្រស់ឈាមស្រស់ និងកម្លាំងកាយចិត្តរបស់កងកម្លាំងទាំងអស់ ដែលបានខិតខំពុះពារគ្រប់ឧបសគ្គដើម្បីការពារជាតិ មាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យកងកម្លាំងជួរមុខបន្តរក្សាស្មារតីសាមគ្គីភាពរឹងមាំ និងមានប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះបន្ថែមទៀត។
អំណោយដែលត្រូវបាននាំយកទៅប្រគល់ជូនកងកម្លាំងនាឱកាសនោះ រួមមានអំណោយជាគ្រឿងឧបភោគបរិភោគ អង្ករ ចំនួន ៥តោន,ទឹកសុទ្ធ ចំនួន ១,៥០០យួរ,សត្វជ្រូក ចំនួន ៥ក្បាល,សត្វគោ ចំនួន ២ក្បាលអំណោយឧបត្ថម្ភពីក្រុមហ៊ុនទឹកផ្លែឈើ Yeo'sទឹកសណ្តែក Yeo's សរុបចំនួន ៣២៦កេស ទឹកផ្លែឈើចម្រុះ (ទឹកផាសសិន ទឹកតែក្រូចឆ្មារ និងទឹកតែគូលែន) ចំនួន ១,១០៣កេស,ភេសជ្ជៈចម្រុះ Soy Milk, Lychee, Limon Tea សរុបចំនួន ២,៤៨៤កេស,ទឹកដោះគោខាប់ Yeo's ចំនួន ២០កេស
ម្សៅស៊ុបមាន់ Yeo's ចំនួន ៥កេស,ប្រេងខ្យង Yeo's ចំនួន ៥កេស,កាហ្វេ Espresso និង Latte ចំនួន ២០កេស,ទឹកសុទ្ធ Yeo's ចំនួន ១០០កេស,ទឹកផ្លែឈើ Yeo's ចំនួន ៣៨០កេស។


សកម្មភាពមនុស្សធម៌ និងការចុះសួរសុខទុក្ខនាពេលនេះ មិនត្រឹមតែជាការជួយសម្រាលការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តយ៉ាងធំធេង ស្តែងឱ្យឃើញពីកម្លាំងសាមគ្គីរវាងសមរភូមិក្រោយ និងសមរភូមិមុខ ក្នុងការរួមគ្នារក្សាការពារអធិបតេយ្យភាព និងសន្តិភាពឱ្យបានគង់វង្ស៕
ដោយ ឈុន សារ៉ាត





