លោកជំទាវ ឃួន ឃុនឌី ក្រើនរំលឹកដល់ក្រុមការងារគណបក្សទាំងអស់រក្សាសាមគ្គីភាពគ្នាឱ្យបានរឹងមាំ
AKP កំពង់ធំ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- លោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានក្រើនរំលឹកដល់ក្រុម ការងារគណបក្សទាំងអស់រក្សាសាមគ្គី ភាពគ្នាឱ្យបានរឹងមាំដើម្បីសម្រេចគោល ដៅក្នុងការបោះឆ្នោតឃុំសង្កាត់នាថ្ងៃ ខាងមុខ។

លោកជំទាវ ឃួន ឃុនឌី បានជំរុញដូចនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នៅទីស្នាក់ ការគណបក្សស្រុកកំពង់ស្វាយ។
លោកជំទាវបានលើកឡើងថាការរក្សាសាមគ្គី ភាពគ្នារឹងមាំពិតជាមានសារៈសំខាន់ណាស់សំរាប់ក្រុមការងារគណបក្សក្នុងការសម្រេចបាននូវលទ្ធផលល្អ និងជ័យជំនះដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានឡើយ។គោលបំណងរបស់យើងគឺតែមួយ នៅមានន័យថាយើងជិះទូកតែមួយ ក្រោមដំបូលតែមួយដូច្នេះរាល់បញ្ហាណាមួយកើតឡើងហើយត្រូវតែរួមគ្នាគិត រួមគ្នាដោះស្រាយ ជៀសវាងការស្តីបន្ទោសគ្នាទៅវិញទៅមក ពិសេសក្រុមការងារគណបក្សមូលដ្ឋានដែលទាមទារឱ្យមានការលើកទឹកចិត្តបន្ថែមទៀត។


លោកជំទាវបានបញ្ជាក់ថាបញ្ហាប្រឈមមួយគឺបងប្អូនប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅធ្វើការនៅឆ្ងាយដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋានត្រូវទាក់ទងឱ្យបានទាន់ពេលវេលាថាតើពួកគាត់មានឯកសារគ្រប់គ្រាន់សំរាប់ការបោះឆ្នោតហើយឬនៅ។ ទាំងនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ព្រមទាំងជំរុញនិងលើកទឹកចិត្តឱ្យគាត់បានបោះឆ្នោតនាពេលខាងមុខ។លោកជំទាវបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានយកចិត្តទុក្ខដាក់ និងសហការគ្នាយ៉ាងរលូនដោយភ្ជាប់ជាមួយផែនការសកម្មភាព និងការចំណាយប្រកបដោយការទទួល ខុសត្រូវខ្ពស់ហើយសង្ឃឹមយ៉ាងមុតមាំថាយើងនឹងទទួលបានជោគជ័យសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃខាងមុខនេះ។

ទន្ទឹមនឹងនេះ លោកជំទាវបានលើកឡើងពីបញ្ហាព្រំដែនកម្ពុជាថៃដែលពេលនេះថ្នាក់ដឹកនាំយើងកំពុងតែដោះស្រាយដោយសន្តិវិធី នឹងគោរពទៅតាមយន្តការអន្តរជាតិ។ ដូច្នេះនេះជាសារមួយសំរាប់ក្រុមការងារទាំងអស់យកទៅផ្សព្វផ្សាយដល់ថ្នាក់មូលដ្ឋាន។ ក្រោយកិច្ចប្រជុំលោកជំទាវបានទៅពិនិត្យមើលវឌ្ឍនភាពការកសាងទីស្នាក់ការគណបក្សស្រុកកំពង់ស្វាយ ដែលមកទល់ពេលនេះសម្រេចបានលទ្ធផលប្រមាណ៥០%ហើយ៕
ដោយ ស៊ុម វណ្ណា





