លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
AKP សៀមរាប ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦– លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានជំរុញដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បង្កើនការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់អំពីពេលវេលា ទីកន្លែង ឯកសារចាំបាច់ និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ខណៈដំណើរការនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ-សង្កាត់ទូទាំងប្រទេស។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ គឺជាកត្តាសំខាន់ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់។

លោកបានបញ្ជាក់ថា កិច្ចប្រជុំនេះក៏មានគោលបំណងពង្រឹងកិច្ចសហការរវាងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ។

ជាមួយគ្នានេះ លោក នឹម វ៉ាន់សំ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅពិនិត្យឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ដើម្បីធានាថាបញ្ជីបោះឆ្នោតមានភាពត្រឹមត្រូវ ពេញលេញ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ។

លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប បានលើកឡើងថា ការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរដែនដី កងនគរបាលជាតិ កងរាជអាវុធហត្ថ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តតួនាទីរបស់ខ្លួនស្របតាមច្បាប់ និងនីតិវិធីដែលបានកំណត់។

លោកក៏បានណែនាំឱ្យអាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងមានសមត្ថកិច្ច រៀបចំផែនការការពារឱ្យបានច្បាស់លាស់នៅតាមទីតាំងចុះឈ្មោះបោះឆ្នោត និងតំបន់ពាក់ព័ន្ធ ដោយបង្ការ និងទប់ស្កាត់សកម្មភាពដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងដំណើរការចុះឈ្មោះបោះឆ្នោត ព្រមទាំងបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋអាចមកពិនិត្យបញ្ជីឈ្មោះ ធ្វើបច្ចុប្បន្នភាពទិន្នន័យ និងចុះឈ្មោះបោះឆ្នោតដោយសេរី សុវត្ថិភាព និងគ្មានការរំខាន៕
ដោយ៖ ឃុត សៅ





