កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៦--ក្រសួងព័ត៌មាន បានរៀបចំ «វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែង ក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ។ វេទិការនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលមានការចូលរួម ពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា តំណាងស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកជំនាញផ្ទៀងផ្ទាត់ព័ត៌មាន តំណាងសង្គមស៊ីវិល ព្រមទាំងវាគ្មិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មកពីបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា អ្នកកាសែត និងអង្គការប្រព័ន្ធផ្សព្វផ្សាយគឺជាដៃគូដែលមិនអាចខ្វះបានក្នុងការកសាងទំនុកចិត្តសាធារណៈ។ ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់ថា ការផ្ទៀងផ្ទាត់ប្រភព ការពិនិត្យការពិត ភាពត្រឹមត្រូវបរិបទ ក្រមសីលធម៌វិជ្ជាជីវៈ និងការកែតម្រូវទាន់ពេលវេលា នៅតែជាគោលការណ៍គ្រឹះ នៃសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ។ «ដូច្នេះ សាររបស់យើងគឺសាមញ្ញណាស់គឺ ផ្ទៀងផ្ទាត់មុនពេលផ្សាយ ផ្ទៀងផ្ទាត់មុនពេលចែករំលែក»។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ប្រជាពលរដ្ឋក៏ត្រូវតែមានសមត្ថភាពក្នុងការចោទសួរអំពីព័ត៌មានគួរឱ្យសង្ស័យ វាយតម្លៃប្រភព កំណត់អត្តសញ្ញាណមាតិកាដែលត្រូវបានកែច្នៃបន្លំ និងធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវមុនពេលចែករំលែក។ ឯកឧត្ដមបន្ដថា ការយកចិត្តទុកដាក់ជាពិសេសគួរតែត្រូវបានផ្តល់ជូនដល់យុវជន សិស្សានុសិស្ស សហគមន៍នៅតាមជនបទ និង តំបន់ព្រំដែន ហើយពលរដ្ឋដែល មានចំណេះដឹងគឺជាដៃគូសំខាន់ក្នុងការការពារបូរណភាពព័ត៌មាន។

ជាមួយគ្នានេះ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយ និងពិធីប្រកួតប្រជែងដណ្តើមពានរង្វាន់ផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦ ជាសកម្មភាពសំខាន់មួយក្នុងចំណោមសកម្មភាពដែលត្រូវអនុវត្តន៍នៅក្នុងគម្រោងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ដែលទទួលបានការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥។

ឯកឧត្ដមរដ្ឋលេខាធិការគូសបញ្ជាក់ថា វេទិកានេះ មិនត្រឹមតែជាកិច្ចការដ៏សំខាន់មួយនៅថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកដ៏ធំធេងក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងនៅថ្នាក់តំបន់ ដើម្បីបង្កើនជំនឿទុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការ និងរក្សាស្ថិរភាពនៅបណ្តាប្រទេសជាសមាជិកមេគង្គ-ឡានឆាង ពីផលប៉ះពាល់អវិជ្ជមាននៃព័ត៌មានមិនពិត និងព័ត៌មានបំភាន់។

លោក ជាង ណាន (Jiang Nan )អគ្គទីប្រឹក្សា នៃស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញពីភាពជោគជ័យនៃគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

លោកបានលើកឡើងថា ស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះការអនុវត្តគម្រោងនេះដោយជោគជ័យ និងកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះមិត្តភក្តិមកពីគ្រប់វិស័យ ដែលបានគាំទ្រកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ៕

ដោយ៖ មករា, រូបថត៖ ខឹម សុវណ្ណារ៉ា





