សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំចង់ឃើញរោងចក្រកាត់ដេរ និងរោងចក្រផ្គុំ និងដំឡើងរថយន្ត ត្រូវដំណើរការដូចគ្នា
AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សម្តេចចង់ឃើញរោងចក្រកាត់ដេរវាយភណ្ឌ និងរោងចក្រផ្គុំ និងដំឡើងរថយន្ត ដំណើរការដូចគ្នា ដោយមិនចង់ឃើញរោងចក្រកាត់ដេរដំណើរ ហើយរោងចក្រផ្គុំ និងដំឡើងរថយន្តពុំមានសកម្មភាពនោះទេ។ ការ បញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មរថយន្តម៉ាក GAC ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំ មិនចង់ឃើញកម្ពុជា បានតែដំណើរការ វិស័យកាត់ដេរ ប៉ុន្តែដល់ពេលបើករោងចក្រផ្គុំ និងដំឡើងរថយន្តមិនអាចដំណើរការ ដោយបើកបានបន្តិចបិទទៅវិញ។ ដូច្នេះ គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមគិតគូរដល់ក្រុមហ៊ុនផលិតគ្រឿងបង្គុំរថយន្ត»។
សម្តេចធិបតីបានឱ្យដឹងដែរថា ចំណុចនេះ យើងត្រូវពង្រឹងភាពជឿជាក់របស់សហគមន៍អន្តរជាតិចំពោះកម្ពុជា ជាពិសេសត្រូវបង្ហាញពីសមត្ថភាពរបស់កម្ពុជាដើម្បីឱ្យសហគមន៍អន្តរជាតិបានមើលឃើញថា កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់សម្រាប់គាំទ្រដល់ឧស្សាហ៍កម្មធុនធ្ងន់ និងមានតម្លៃខ្ពស់មិនត្រឹមតែវិស័យកាត់ដេរ និងកសិកម្មបែបប្រពៃណីនោះទេ ប៉ុន្តែចំពោះឧស្សាហកម្មធុនធ្ងន់ ក៏ត្រូវធ្វើយ៉ាងណាឱ្យដំណើរការព្រមគ្នាជាមួយវិស័យផ្សេងទៀតដែរ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់បន្ថែម៖ «នេះដែលថា ត្រូវធានាឱ្យគាត់រស់ ឱ្យគាត់រីក កុំឱ្យថា កម្ពុជា បានតែកាត់ដេរទេបានរីក បើកក្រុមហ៊ុនឡានដួល… អត់ទេ អត់មានមនុស្ស អត់មានកម្មករ ឬមួយក៏គោលនយោបាយយើង អត់គ្រប់គ្រាន់រួមទាំងរឿងការធានាទីផ្សារកម្រិតណាមួយជួយគាត់»។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានឱ្យដឹងទៀតថា ជាធម្មតាក្រុមហ៊ុនមួយៗបង្កើតឡើង ដើម្បីចង់ឱ្យដំណើររីកចម្រើននៅលើទីផ្សារ តាមរយៈការបង្កើតវិធីសាស្រ្តផ្សេងៗដើម្បីទាក់ទាញអតិថិជន ៕
ដោយ៖ ប៊ុនរិទ្ធ





