នាវាកងទ័ពជើងទឹកឥណ្ឌា បានចាកចេញពីដែនសមុទ្រកម្ពុជាហើយ បន្ទាប់ពីបានចូលចតធ្វើទស្សនកិច្ចរយៈពេល ៤ថ្ងៃរួចមក
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦--នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ១គ្រឿង មានឈ្មោះ INS KULISH (P63) ដែលដឹកនាំដោយលោកវរនាវីទោ SURAJ KUMAR SINGH មេបញ្ជាការនាវា បានចាកចេញពីដែនទឹកនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃរួចមក ប្រកបដោយសុវត្ថិភាពនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ការធ្វើមាតុភូមិនិវត្តន៍របស់នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា នៅកំពង់ផែមូលដ្ឋានសមុទ្ររាម ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុនាពេលនោះ ដោយមានការស្វាគមន៍ជូនដំណើរពីនាយ នាយរងមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។

ក្នុងការចូលសុំចតស្នាក់នៅរបស់នាវាកងទ័ពជើងទឹកឥណ្ឌានៅមូលដ្ឋានសមុទ្ររាមជាលើកទី១នេះ គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌាមបានចូលជួបសម្ដែងការគួសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ ឯកឧត្ដមមេបញ្ជាការមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួន ព្រមទាំងមានកម្មវីធីលេងកីឡាមិត្តភាពជាពិសេសការធ្វើលំហាត់ ចែករំលែកបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរប្រកបដោយភាពស្និទ្ធស្នាល។

សូមបញ្ជាក់ថា លក្ខណៈបច្ចេកទេសនាវា -INS KULISH ជាប្រភេទនាវាចម្បាំង Corvette លេខសម្គាល់ P63 -មានបណ្ដោយប្រវែង 91,16ម៉ែត្រ, -ទទឹងប្រវែង 10,46ម៉ែត្រ, -ជម្រៅទឹក 4,27ម៉ែត្រ, -ទម្ងន់ផ្ទុក 1 449តោន, -មាននាយនាវីចំនួន 120នាក់ នាវិកចំនួន 120នាក់ ដឹកនាំដោយលោកវរនាវីទោ SURAJ KUMAR SINGH មេបញ្ជាការនាវា៕

ដោយ ងូសុមុនី





