កូនបង្គាចំនួន ៥០ម៉ឺនក្បាល ត្រៀមដាក់ចូលក្នុងស្រះទី៦ នៅមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រនៅស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦--លោក នេន ចំរើន ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា”AKP” ដឹងនៅថ្ងៃនេះថា មជ្ឈមណ្ឌលផ្សព្វផ្សាយបំណិន ជីវិតផ្នែកវារីវប្បកម្មសមុទ្រ ដើម្បីបង្កើនប្រាក់ចំណូលសហគមន៍តំបន់ឆ្នេរ បានរៀបចំចិញ្ចឹមបង្គា ក្តាម លើផ្ទៃដីចំនួន ១៦ហិកតា ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ បាន និងកំពុងអនុវត្តន៍បានចំនួន ៥ស្រះរួចហើយ នឹងត្រៀមដាក់បង្គាស្រះទី៦ ដែលយើងបាន និងកំពុងធ្វើការសម្អាត និងត្រៀមដាក់កូនបង្គាស និងបង្គាក្លឹងចំនួន ៥០ម៉ឺនកូន។

លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានបញ្ជាក់ថា ចំពោះលទ្ធផលដែលយើងបានប្រមូលផលបានពីស្រះទី១ យើងទទួលបានទិន្នផលល្អ ព្រោះបង្គា និងក្តាមថ្មរបស់យើងចិញ្ចឹមនៅទីនេះវាមានគុណភាពខ្ពស់ មិនចាញ់បង្គា ក្តាមដែលប្រជានេសាទ ចាប់ពីសមុទ្រនោះទេ។ បច្ចុប្បន្នយើងកំពុងរៀបចំសម្អាតស្រះទី៦ ដែលមានទំហំផ្ទៃដី ៥,៥០ហិកតា គ្រោងនឹងដាក់កូនបង្គា ៥០ម៉ឺនកូន និងក្តាមថ្មនៅថ្ងៃទ១៥ ខែកញ្ញានេះ។ ចំពោះ ផលិតផល ឬនិន្នផលនៅទីនេះ មានការចាប់អារម្មណ៍ពីអ្នកបរិភោគថែមទៀតផង ដោយសារតែ យើងទើបតែរៀបចំការចិញ្ចឹម ដូច្នេះហើយការផ្គត់ផ្គង់សម្រាប់ទីផ្សារមិនទាន់ជូនអតិថិជននោះទេ ព្រោះយើងទើបតែចាប់ផ្តើមអនុវត្តន៍ចិញ្ចឹមជំហានដំបូងនៅ ពេលដែលយើងបានអនុវត្តន៍ចប់ ទិន្នផលវារីវប្បកម្មសមុទ្រវានឹងអាចវិលជុំសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន។
លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ក៏បានធ្វើការសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់របស់យើង ដែលមានបំណង រកប្រាក់ចំណូលរួមគ្នាផលិតបង្គា និងក្តាមថ្ម ក្តាមសេះ ត្រីស្ពង់ ត្រីទឹកកែ ដែលជាតម្រូវការទីផ្សារ ខ្ពស់ក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ ឬក៏ប្រទេសជិតខាង ព្រោះគុណភាពបង្គា ក្តាមនៅទីនេះមានរសជាតិឆ្ងាញ់ជាងបង្គា ក្តាមនាំចូល។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមទៀតថា ដោយមានការយកចិត្តទុកដាក់ និងគាំទ្រ យកចិត្តទុកដាក់យ៉ាងពេញទំហឹងពីឯកឧត្តមអភិបាលខេត្តព្រះសីហនុ ឱ្យមន្ទីរកសិកម្មរៀបចំ មជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ ដើម្បីបង្កើនប្រាក់ចំណូលសហគមន៍ តំបន់ឆ្នេរជូនប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ដើម្បីចងក្រងជាសហគមន៍ចិញ្ចឹមបង្គា ក្តាមឱ្យបាន កាន់តែច្រើន ហើយមន្ទីរកសិកម្មជាសេនាធិការចាំជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេសជូន ប្រជាកសិករដូចជាការរៀបចំស្រះ ការដាក់កូនបង្គា ក្តាមជាដើម។ មកដល់បច្ចុប្បន្ននេះ ប្រជា ពលរដ្ឋនៅក្នុងស្រុកព្រៃនប់ដែលរស់នៅតាមប៉ុលឌែ ពួកគាត់បានចិញ្ចឹមបង្គា ក្តាម មានចំនួន ជាង ២០គ្រួសារ លើផ្ទៃដីជាង ២០០ហិកតា។ មជ្ឈមណ្ឌលវារីវប្បកម្មសមុទ្រ និងវារីវប្បកម្ម ទឹកសាប នៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើនប្រាក់ ចំណូលដល់គ្រួសារប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសជួយកាត់បន្ថយការនាំចូលបង្គា ក្តាម មកពីបណ្តាខេត្ត និងប្រទេសជិតខាង។
ជាមួយគ្នានោះដែរ លោកប្រធានមន្ទីរ ក៏បានឱ្យដឹងថា ការរៀបចំដាក់ឱ្យអនុវត្តន៍ មជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ ដើម្បីបង្កើនចំណូលសហគមន៍តំបន់ឆ្នេរ នៅក្នុងស្រុកព្រៃនប់ មានការគាំទ្រពីឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម ជាពិសេស ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលឯកឧត្តមបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាសម្រាប់ដំណើរការបង្កើតឱ្យមានមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារី វប្បកម្មសមុទ្រ ដើម្បីបង្កើនប្រាក់ចំណូលដល់សហគមន៍តំបន់ឆ្នេរ ក្នុងគោលបំណង៖ ១.បង្កើនផ្នែកវារីវប្បកម្មសមុទ្រឱ្យមានប្រសិទ្ធភាពសេដ្ឋកិច្ច, ២.បង្កើនប្រាក់ចំណូលដល់សហគមន៍ នៅតាមតំបន់ឆ្នេរ និង៣.ការសិក្សាស្រាវជ្រាអនុវត្តន៍នូវបច្ចេកទេសថ្មី និងផ្សព្វផ្សាយបន្តដល់ បងប្អូនប្រជាពលរដ្ឋផ្សេងទៀតក្នុងសហគមន៍តំបន់ឆ្នេរ ដើម្បីយកជាគំរូ។
លោកបានបន្ថែមថា យើងបានរៀបចំស្រះចំនួន៦គឺ ស្រះទី១.ចិញ្ចឹមកូនត្រីស្ពង់។ ស្រះទី២. ដាក់ក្តាមថ្ម បង្គាស និងបង្គារក្លឹង។ ស្រះទី៣ និងទី៤ យើងចិញ្ចឹមកូនក្តាមថ្ម និងបង្គា។ ស្រះទី៥ ចិញ្ចឹមបង្គា។ ដោយឡែកស្រះទី៦ នឹងដាក់កូនបង្គាចំនួន ៥០ម៉ឺនកូន ហើយស្រះនីមួយៗមាន ផ្ទៃដីចាប់ពី ១ហិកតា និង ១០អាឡើងទៅ ហើយស្រះទី៦ មានជាង ៥ហិកតា ដែលជាស្រះធំ ជាងគេផងដែរ។

សូមរំលឹកថា មកដល់បច្ចុប្បន្ននេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានអនុវត្តន៍ការងារស្រះទី៦ ហើយលទ្ធផលការអនុវត្តមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែក វារីវប្បកម្មសមុទ្រនៅស្រុកព្រៃនប់ បានទទួលលទ្ធផលផ្លែផ្កាជាបណ្តើរៗហើយតាមការរំពឹងទុក៕
ដោយ ងូ សុមុនី





