ចាប់ពីឆ្នាំ ២០០៤ មក សហរដ្ឋអាមេរិក ផ្ដល់ថវិកាជាង ៤ លានដុល្លារ ដើម្បីជួសជុលប្រាសាទភ្នំបាខែង និងជំនួយទឹកប្រាក់ ៧៥ ០០០ ដុល្លារ ក្នុងការធ្វើទំនើបកម្មបណ្ណាល័យអាម៉េរិក នៅខេត្ដសៀមរាប
AKP សៀមរាប ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ --សហរដ្ឋអាមេរិកបានវិនិយោគថវិកាជាង ៤ លានដុល្លារ ចាប់តាំងពីឆ្នាំ ២០០៤ ដើម្បីជួសជុលប្រាសាទភ្នំបាខែង រួមជាមួយជំនួយទឹកប្រាក់ចំនួន ៧៥ ០០០ ដុល្លារ ក្នុងការធ្វើទំនើបកម្មបណ្ណាល័យអាម៉េរិក ឬ American Corner នៅខេត្ដសៀមរាប ដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងវប្បធម៌រវាងអាម៉េរិក និងកម្ពុជា ការកសាងកម្លាំងពលកម្មនាពេលអនាគត និងការបង្កើនឱកាសវិនិយោគអាម៉េរិកនៅក្នុងតំបន់។

កិច្ចសហប្រតិបត្តិការនេះ បានបន្តជាច្រើនជំនាន់ និងបន្តចូលរួមស្ទើរតែគ្រប់ផ្នែកនៃសហគមន៍ រាប់ចាប់តាំងពីកិច្ចការពារទីតាំងបេតិកភណ្ឌបុរាណ រហូតដល់ការលើកកម្ពស់សមត្ថភាពរបស់អ្នកដឹកនាំសម្រាប់ពេលអនាគត។
កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ កំពុងជំរុញផលប្រយោជន៍ជាក់ស្តែងក្នុងខេត្តសៀមរាប។ ជាក់ស្ដែង កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ដើម្បីពិភាក្សាពីឱកាសសេដ្ឋកិច្ចសម្រាប់ក្រុមហ៊ុនអាម៉េរិក កិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ការកេងប្រវ័ញ្ចលើកុមារ និងការជួញដូរគ្រឿងញៀន ព្រមទាំងកិច្ចខិតខំបោសសម្អាតមីនរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឱ្យសហគមន៍នានា ក្នុងខេត្តសៀមរាប កាន់តែមានសុវត្ថិភាព។

កិច្ចសហប្រតិបត្តិការនោះ ក៏មានរួមបញ្ចូលនូវកិច្ចខិតខំប្រឹងប្រែងផ្នែកសុខភាព និងសុវត្ថិភាពសាធារណៈ នៅទូទាំងខេត្តផងដែរ។ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កិច្ចខិតខំប្រឹងប្រែងដែលឧបត្ថម្ភថវិកាដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងជួយសង្គ្រោះជីវិតមនុស្ស តាមរយៈការពង្រឹងសន្តិសុខសុខភាព និងការថែទាំឱ្យចំគោលដៅ ក្នុងការលុបបំបាត់ជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ព្រមទាំងទប់ស្កាត់ជំងឺឆ្លង មិនឱ្យរីករាលដាលដល់អាម៉េរិក។

ទន្ទឹមនេះ ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣ មក បានបោសសម្អាតផ្ទៃដីដែលមានគ្រាប់មីនចំនួន ៧១៥ លានម៉ែត្រការ៉េ ដែលមានចំនួនស្មើនឹងទីលានបាល់ទាត់ជាង ១០០ ០០០ ទីលាន ដើម្បីឱ្យប្រជាជនកម្ពុជារាប់សែននាក់អាចត្រឡប់ទៅរស់នៅលើដីធ្លីរបស់ពួកគេវិញដោយសុវត្ថិភាព។
ក្នុងការកសាងអនាគតប្រកបដោយសុវត្ថិភាព ជាមួយកម្ពុជានេះ សហរដ្ឋអាមេរិក ក៏បានបណ្តុះបណ្តាលមន្ត្រីនគរបាល អន្តោប្រវេសន៍ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ប្រមាណ ១៧០ នាក់ ក្នុងឆ្នាំនេះ ដោយពង្រឹងជំនាញក្នុងការលើកកម្ពស់សុវត្ថិភាពសាធារណៈ និងតម្រង់ទិសលើប្រតិបត្តិការឆបោកដែលបានប៉ះពាល់ដល់ពលរដ្ឋអាម៉េរិក។
សូមជម្រាបជូនថា ជារួម សហរដ្ឋអាមេរិក និងកម្ពុជា កំពុងកសាងអនាគតមួយដែលប្រកបដោយសុវត្ថិភាព និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ៕
ដោយ៖ រិទ្ធី, ប្រភព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា





