នាវាកងទ័ពជើងទឹករុស្ស៊ីបានចាកចេញពីដែនទឹកកម្ពុជាបន្ទាប់ពីបានចូលចតធ្វើទស្សកិច្ចរយ:ពេលពីរថ្ងៃ
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
នាវាកងទ័ពជើងទឹកសហភាពសហព័ន្ធរុស្ស៊ីចំនួន១គ្រឿង បានចាកចេញពីដែនសមុទ្រខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីនាវានេះបានចូលចតបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីសិក្សា ស្រាវជ្រាវ និងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ដូចជារដ្ឋាភិបាលផងដែរ។ ការចាកចេញរបស់នាវាកងទ័ពជើងទឹករុស្ស៊ីមានការជូនដំណើរនិវត្តន៍របស់នាវាពីលោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូប នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះបានគូសបញ្ជាក់ពីភាពរីកចម្រើនជាដៃគូលើផ្លូវសមុទ្រទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀតរុស្ស៊ី និងកម្ពុជា ព្រមទាំងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការជើងទឹកប្រកបដោយវិជ្ជាជីវៈ។ ដំណើរទស្សនកិច្ចនេះដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខសមុទ្រជំនួយមនុស្សធម៌។ ក្នុងដំណើរទស្សនកិច្ច និងស្នាក់នៅរយៈពេលពីរថ្ងៃនៅកម្ពុជា គណៈប្រតិភូនាវាកងទ័ពជើងទឹករុស្សី បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ ថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។

លក្ខណៈបច្ចេកទេសនាវា PEREKOP លេខ៣១០ ជាប្រភេទនាវា Medium sea tanker៖ បណ្ដោយប្រវែង១៣៨ម៉ែត្រ ទទឹងប្រវែង១៨ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ទម្ងន់ផ្ទុក៦១០០តោន មាននាវឹកចំនួន៣៩១នាក់ ដឹកនាំដោយលោកវរនាវីឯក Andrew amorphous មេបញ្ជាការនាវា៕

ដោយ ងូ សុមុនី





