ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី គឺជាការគិតគូរពីសុខទុក្ខ និងជីវភាពប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ---
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការចុះបញ្ជី និងផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជា ពលរដ្ឋ គឺជាកិច្ចការដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិស្របច្បាប់លើកម្មសិទ្ធិដីធ្លី និងបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។

ការថ្លែងនេះធ្វើឡើងក្នុងពិធីចែកវិញ្ញាបនប ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣១ភូមិ ស្មើនឹង ៣០.៩៥៨ បណ្ណ នៅសង្កាត់កំពង់ស្វាយ និងសង្កាត់ម្នាក់ ក្នុងក្រុងសិរីសោភ័ណ ព្រមទាំងឃុំតាឡំ ឃុំស្រះរាំង និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ការងាររៀបចំដែនដី និងការផ្តល់បណ្ណកម្មសិទ្ធិ មិន មែនជាការងារបច្ចេកទេសតែមួយមុខនោះទេ ប៉ុន្តែជាការងារដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាព សុវត្ថិភាព និងអនាគតរបស់ប្រជាពលរដ្ឋ។ កម្មសិទ្ធិដែលមានការទទួលស្គាល់តាមផ្លូវច្បាប់ នឹងជួយឱ្យប្រជាពលរដ្ឋមានភាពច្បាស់ លាស់លើដីធ្លីរបស់ខ្លួន កាត់បន្ថយហានិភ័យនៃទំនាស់ និងបង្កើនទំនុកចិត្តក្នុងការប្រើប្រាស់ដីធ្លីប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញថា ការយកចិត្តទុកដាក់ចំពោះបញ្ហាដីធ្លី និងសិទ្ធិកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ គឺស្ថិតក្នុងចំណោមអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ដោយប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមគ្នារវាងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋ ដើម្បីធានាឱ្យការងារចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ការផ្តល់បណ្ណកម្មសិទ្ធិដែលមានភាពច្បាស់លាស់ នឹងក្លាយជាមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ពិធីនេះក៏បានបង្ហាញឱ្យឃើញពីការបន្តខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដីធ្លី និងពង្រឹងសុវត្ថិភាពកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំប្រព័ន្ធចុះបញ្ជីដីធ្លីឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងស្របតាមច្បាប់។

ជាក់ស្តែង ក្នុងពិធីនាព្រឹកនេះ ប្រជាពល រដ្ឋចំនួន ៣១ភូមិ ទទួលបានបណ្ណកម្មសិទ្ធិសរុប ៣០.៩៥៨ បណ្ណ ដែលជាសក្ខីភាពមួយបង្ហាញពីការរួមចំណែកដោះស្រាយបញ្ហាដីធ្លីនៅមូលដ្ឋាន និងផ្តល់ភាពស្របច្បាប់ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនៅថ្ងៃនេះ មិនត្រឹមតែជាការទទួលបានឯកសារមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលបាន ភាពកក់ក្តៅ សុវត្ថិភាព និងភាពច្បាស់លាស់ផ្នែកច្បាប់លើទ្រព្យសម្បត្តិរបស់គ្រួសារ ដែលអាចបន្តប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការរស់នៅ ការវិនិយោគ និងការអភិវឌ្ឍជីវភាពគ្រួសារទៅថ្ងៃអនាគត។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អ្នកតំណាងរាស្ត្ររដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាម្ចាស់បណ្ណកម្មសិទ្ធិប្រមាណជាង ១.០០០នាក់៕
ដោយ ៖ឈុនសារ៉ាត





