ភាពជាដៃគូអាស៊ាន-សហរដ្ឋអាម៉េរិកនឹងជួយអាស៊ានបង្ហាញភាពជាអ្នកដឹកនាំក្នុងសន្តិសុខសុខាភិបាលសកល និងពង្រឹងសមត្ថភាពរួម ដើម្បីផ្លាស់ប្តូរពីវិធីសាស្ត្រប្រតិកម្ម ទៅជាវិធីសាស្ត្រសកម្ម
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦--
ភាពជាដៃគូអាស៊ាន-សហរដ្ឋអាម៉េរិក នឹងជួយអាស៊ានបង្ហាញភាពជាអ្នកដឹកនាំក្នុងសន្តិសុខសុខាភិបាលសកល និងពង្រឹងសមត្ថភាពរួម ដើម្បីផ្លាស់ប្តូរពីវិធីសាស្ត្រប្រតិកម្ម ទៅជាវិធីសាស្ត្រសកម្ម ដែលអាចព្យាករណ៍ការគំរាមកំហែង ពង្រឹងការត្រៀមបម្រុង និងអនុញ្ញាតឱ្យយើងការពារ និងទប់ស្កាត់ផលប៉ះពាល់នៃជំងឺរាតត្បាតនាពេលអនាគត។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្ឋអាម៉េរិក លើកទី១ ក្រោមប្រធានបទ “អាស៊ានជាស្នូល បង្កើនឥទ្ធិពលរួម៖ ផែនការពហុភាគីសម្រាប់ប្រព័ន្ធសុខាភិបាល និងសន្តិសុខសុខភាពប្រកបដោយនិរន្តរភាព (Centering ASEAN, Multiplying Impact: A Multilateral Blueprint for Sustainable Health Systems and Health Security)” កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានសម្ដែងការស្វាគមន៍ចំពោះភាពរស់រវើកនៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក ជាពិសេសលើវិស័យសុខាភិបាល ដែលបាននាំទៅដល់គម្រោង និងគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន និងបានបញ្ជាក់ពីជំនឿជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សហរដ្ឋអាម៉េរិក នឹងនាំកិច្ចសហប្រតិបត្តិការបន្តដល់ឡើងកម្រិតខ្ពស់បន្ថែមទៀត។

ក្នុងចំណែកនៃការរួមចំណែកកសាងផែនការការងារសម្រាប់ការពង្រឹងវិធីសាស្ត្រពហុភាគី លើប្រព័ន្ធសុខាភិបាល ប្រកបដោយចីរភាព និងសន្តិសុខសុខភាព កម្ពុជាបានលើកជូនកិច្ចប្រជុំនូវអាទិភាពសំខាន់ៗ រួមមាន៖ ១) បន្តគាំទ្រការប្រតិបត្តិការនៃ «មជ្ឈមណ្ឌលអាស៊ានសម្រាប់ សុខភាពសាធារណៈបន្ទាន់ និងជំងឺរាតត្បាតថ្មីៗ -ACPHEED»។ ២) ពង្រឹងទំនាក់ទំនងរវាង ACPHEED និង ប្រព័ន្ធសហប្រតិបត្តិការសុខាភិបាលសាធារណៈបន្ទាន់អាស៊ាន(APHECS) ដោយធានាភាពស៊ីសង្វាក់ និងសមាហរណកម្មរវាងយន្តការផ្សេងៗ ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រអាស៊ានស្តីពីសុខភាពសាធារណៈបន្ទាន់។ ៣) គាំទ្រការអនុវត្តវិធីសាស្ត្រ«សុខភាពតែមួយ One Health» ជាពិសេសតាមរយៈបណ្តាញ One Health អាស៊ាន ដែលទទួលបានការគាំទ្រពី សហរដ្ឋអាមេរិក និងក្នុងក្របខណ្ឌផែនការសកម្មភាពរួម One Health របស់អាស៊ាន។ ៤) ពង្រឹងសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល អាហារូបករណ៍ និងបណ្តាញណែនាំបន្ថែម ជាពិសេសផ្នែករោគរាតត្បាត ព្រមទាំងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍សម្រាប់ការធ្វើរោគវិនិច្ឆ័យរហ័ស និងការរកឃើញជំងឺឆ្លងទាន់ពេលវេលា៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





