មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ បន្តពង្រឹងសេវាពិនិត្យ និងព្យាបាល ជំរុញទំនុកចិត្តពីប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៦---
មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តខិតខំពង្រឹងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយផ្តោតលើការទទួលខុសត្រូវ វិជ្ជាជីវៈ និងការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺ។
ការខិតខំនេះបានរួមចំណែកធ្វើឱ្យប្រជាពលរដ្ឋកាន់តែច្រើនផ្តល់ទំនុកចិត្ត និងមកប្រើប្រាស់សេវាសុខាភិបាលនៅមន្ទីរពេទ្យកាន់តែច្រើន ទោះបីមន្ទីរពេទ្យបានផ្លាស់ប្តូរទីតាំងថ្មីក៏ដោយ។

លោកវេជ្ជបណ្ឌិត អ៊ាវ តារាវុធ ប្រធាន មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ បាន ឱ្យដឹងកាលពីរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៦នេះថា បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋកាន់តែច្រើនបានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរ ពេទ្យ ដែលបង្ហាញពីការកើនឡើងនៃទំនុកចិត្តចំពោះសេវាសុខាភិបាលនៅទីនេះ។ លោកបានចាត់ទុកការគាំទ្រ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ក្នុងការបន្តបំពេញភារកិច្ចឱ្យកាន់តែល្អប្រសើរ។
ជាក់ស្តែង តាមលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ បានទទួលពិគ្រោះ និងពិនិត្យជំងឺក្រៅសរុបចំនួន ២.៥៦៧នាក់ ខណៈអ្នកជំងឺចេញពីមន្ទីរពេទ្យមានចំនួន ៩៣៥នាក់ ក្នុងនោះមានកុមារចំនួន ៤៨៣នាក់។ ជាមួយគ្នានេះ អត្រាប្រើប្រាស់គ្រែសម្រាកព្យាបាលមានរហូតដល់ ២០៤ភាគរយ ដែលបង្ហាញពីបរិមាណអ្នកជំងឺមកទទួលសេវាមានចំនួនច្រើន និងជាបន្ទុកការងារដ៏ធ្ងន់សម្រាប់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល។

លោកវេជ្ជបណ្ឌិត អ៊ាវ តារាវុធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ បុគ្គលិក និងកម្មករទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុស ត្រូវខ្ពស់ ទោះបីប្រឈមនឹងបន្ទុកការងារដ៏មមាញឹក និងធ្ងន់ធ្ងរក៏ដោយ។ លោកបានចាត់ទុកការចូលរួមរបស់ក្រុមការងារទាំងមូលជាកត្តាសំខាន់ក្នុងការរក្សាប្រសិទ្ធភាពនៃការផ្តល់សេវា និងឆ្លើយតបតាមតម្រូវការរបស់អ្នកជំងឺ។
លោកបានបញ្ជាក់ថា ការដែលប្រជាពលរ ដ្ឋនៅតែបន្តមកប្រើប្រាស់សេវារបស់មន្ទីរពេទ្យយ៉ាងច្រើនកុះករ បើទោះបីមន្ទីរពេទ្យបានផ្លាស់ប្តូរមកកាន់ទីតាំងថ្មី គឺជាសញ្ញាដ៏វិជ្ជមានមួយដែលបង្ហាញពីការជឿទុកចិត្តរបស់ប្រជាព លរដ្ឋ។ ទំនុកចិត្តនេះក៏ជាការលើកទឹកចិត្តឱ្យមន្ត្រីសុខាភិបាលបន្តកែលម្អទាំងផ្នែកសេវា ការថែទាំអ្នកជំងឺ និងការទទួល ខុសត្រូវវិជ្ជាជីវៈ។
ទន្ទឹមនឹងការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ លោកវេជ្ជបណ្ឌិតក៏បានស្នើសុំការខន្តីអភ័យទោសចំពោះរាល់ការខ្វះខាតដែលអាចកើតមានឡើងដោយអចេតនា ក្នុងដំណើរការផ្តល់សេវា។ លោកបានបង្ហាញជំហរថា រាល់មតិយោបល់ និងការរិះគន់ប្រកបដោយការស្ថាបនា នឹងត្រូវទទួលយកដោយរីករាយ និងយកមកធ្វើជាមូលដ្ឋានសម្រាប់កែលម្អការងារ និងសេវាពិនិត្យព្យាបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបបានល្អប្រសើរជាងមុន។
ការកើនឡើងនៃចំនួនប្រជាពលរដ្ឋមកទទួលសេវា រួមជាមួយនឹងការប្រើប្រាស់គ្រែដែលមានអត្រាខ្ពស់ បង្ហាញថា មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ខណៈការងារមានបន្ទុកកាន់តែច្រើន ការរក្សាបាននូវស្មារតីទទួលខុសត្រូវ ការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ និងការបើកចំហទទួលយកមតិកែលម្អ នឹងក្លាយជាកម្លាំងជំរុញសំខាន់សម្រាប់ការអភិវឌ្ឍសេវាសុខាភិបាលឱ្យកាន់តែមានគុណភាព និងទទួលបានទំនុកចិត្តពីប្រជាពល រដ្ឋបន្ថែមទៀត៕
ដោយ៖ ឈុនសារ៉ាត





