អគារសង្គមកិច្ច និងសុខមាលភាពសង្គម នៅស្រុកភ្នំស្រួច ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយនាថ្ងៃនេះ
AKP កំពង់ស្ពឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសង្គមកិច្ច និងសុខុមាលភាពសង្គមនៃរដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីដាក់ឱ្យដំណើរការនូវសមិទ្ធផលអគារថ្មីៗ សម្រាប់បម្រើការងារក្នុងវិស័យសង្គមកិច្ច ដូចជាការិយាល័យរដ្ឋបាល, មជ្ឈមណ្ឌលស្ដារនីតិសម្បទា, ឬមណ្ឌលថែទាំជនរងគ្រោះ និងជនងាយរងគ្រោះ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត/ស្រុក គណៈអភិបាលរងខេត្ត គណៈអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

ជាកិច្ចចាប់ផ្តើមលោក អ៊ុ សំអឿន អភិបាលស្រុកភ្នំស្រួច បានអានរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពដំណើរការនៃការសាងសង់អគារសង្គមកិច្ច និងសុខមាលភាពសង្គម នៅស្រុកភ្នំស្រួចជូនគណៈអធិបតី និងភ្ញៀវកិត្តិយសបានជ្រាប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណបានលើកឡើងថា វិស័យសង្គមកិច្ច គឺជាកិច្ចការ និងសេវាសាធារណៈរបស់រដ្ឋក្នុងការរៀបចំថែទាំ និងជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសង្គមដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំពោះបងប្អូនដែលជាជនរងគ្រោះ និងងាយរងគ្រោះមានវិបល្លាសស្មារតី ឱ្យទទួលបាន សេវា ព្យាបាល ថែទាំ ប្រឹក្សាយោបល់ និងស្តារនីតិសម្បទាល្អ ប្រសើរឡើងវិញ។

ជាពិសេសការសាងសង់នេះ ក៏ស្របជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ លើគ្រប់វិស័យ ជាពិសេសវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងបរិយាកាសដែលប្រទេសជាតិ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងមានសុវត្ថិភាពសង្គមយ៉ាងល្អ ពេញលេញសំដៅជំរុញ និងលើកកម្ពស់សុខុមាលភាពជនរងគ្រោះ និងងាយរងគ្រោះឱ្យមានការវិវត្តន៍រីកចម្រើន ស្របតាមបំណងប្រាថ្នារបស់ប្រជាជន ដែលមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមទៀតថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការគិតគូរផលប្រយោជន៍ប្រជាជនទូទៅ ជាពិសេសប្រជាជនក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ តាមរយៈការរៀបចំឱ្យមាននូវបទដ្ឋានគតិយុត្ត និងគោលនយោបាយនានា ព្រមទាំងយន្តការ ដើម្បីគាំទ្រដល់វិស័យសង្គមកិច្ច ។ដូច្នេះការសាងសង់មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី នេះឡើង មិនមែនជាកត្តា ចៃដន្យនោះទេ ប៉ុន្តែវាជាពេល វេលាសមស្របបំផុតមួយ ជាមួយនឹងការរីកចម្រើននូវសេដ្ឋកិច្ច និងសង្គម គឺត្រូវការគិតគូរប្រកបដោយយុទ្ធសាស្រ្ត ក្នុងការយក ចិត្តទុកដាក់ខ្ពស់ចំពោះ សុខុមាលភាពរបស់ប្រជាជន ដែលជាវិស័យឆ្អឹងខ្នងគ្របដណ្តប់លើគ្រប់ទិដ្ឋភាព ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៕

ដោយ ម៉ែន ប៊ុនធីម





