ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក៖ នាយទាហានហិរញ្ញវត្ថុត្រូវមានចំណេះដឹង និងជំនាញច្បាស់លាស់ ដើម្បីអនុវត្តការងារឱ្យបានត្រឹមត្រូវ តម្លាភាព និងមានប្រសិទ្ធភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិបានគូសបញ្ជាក់ថា ការងារហិរញ្ញវត្ថុមានតួនាទីសំខាន់ក្នុងការធានាការបើកផ្តល់ប្រាក់បៀវត្ស និងរបបចំណាយផ្សេងៗជូនយោធិន។ ដូច្នេះ នាយទាហានហិរញ្ញវត្ថុត្រូវមានចំណេះដឹង និងជំនាញច្បាស់លាស់ ដើម្បីអនុវត្តការងារឱ្យបានត្រឹមត្រូវ តម្លាភាព និងមានប្រសិទ្ធភាព ព្រមទាំងចៀសវាងការបើកចែកមិនត្រឹមត្រូវ ការចំណាយខ្ជះខ្ជាយ និងការធ្វេសប្រហែសក្នុងការគ្រប់គ្រងថវិកា។ ការគូសបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក យ៉ាងដូច្នេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុថ្នាក់មធ្យមជំនាន់ទី៦ របស់កងយោធពលខេមរភូមិន្ទ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានលើកឡើងថា ក្នុងបរិបទសន្តិសុខដែលមានការប្រែប្រួលស្មុគស្មាញ និងការវិវត្តបច្ចេកវិទ្យាយោធា ធនធានហិរញ្ញវត្ថុ គឺជាកត្តាសំខាន់មួយសម្រាប់ធានាការផ្គត់ផ្គង់ និងទ្រទ្រង់កម្លាំងកងទ័ព ជាពិសេសការបើកផ្តល់ប្រាក់បៀវត្ស របបឧបត្ថម្ភ ស្បៀងអាហារ សម្ភារៈ និងភស្តុភារឱ្យបានដល់យោធិនគ្រប់រូប។ ការគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំ ការបែងចែកថវិកាចំគោលដៅ និងតម្លាភាពក្នុងការប្រើប្រាស់ថវិកា នឹងរួមចំណែកពង្រឹងប្រសិទ្ធភាពការពារជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវបន្តពង្រឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈ ក្តាប់ឱ្យបានច្បាស់ពីប្រព័ន្ធថវិកាការពារជាតិ និងគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិ
បាល ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ព្រមទាំងត្រូវប្រមូលទិន្នន័យឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវមុនរៀបចំគម្រោងផែនការ និងសំណើថវិកា ដើម្បីធានាប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

បើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ គឹម សុណារ៉ា នាយក នាយកដ្ឋានហិរញ្ញវត្ថុ បានឱ្យដឹងថា នាយកដ្ឋានហិរញ្ញវត្ថុកំពុងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការបើកគណនីធនាគារ និងបើកបៀវត្សតាមប្រព័ន្ធធនាគារជូនយោធិនទូទាំងកងយោធពលខេមរភូមិន្ទឱ្យបានរួចរាល់យ៉ាងយូរត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៧។

សូមជម្រាបថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុថ្នាក់មធ្យមជំនាន់ទី៦ របស់កងយោធពលខេមរភូមិន្ទ ដែលបានបិទបញ្ចប់នាពេលនេះមានរយៈពេល៣ខែ មានសិក្ខាកាមចំនួន ៧៦នាក់ ក្នុងនោះបុរស ៦២នាក់ និងនារី ១៤នាក់ មកពីបណ្តាកងឯកភាពនានាទូទាំងកងយោធពលខេមរភូមិន្ទ។ ជាលទ្ធផល សិក្ខាកាមទទួលបាននិទ្ទេសល្អ ១៦នាក់ ស្មើ២១% និទ្ទេសល្អបង្គួរ ៥៤នាក់ ស្មើ៧១% និងនិទ្ទេសមធ្យម ៦នាក់ ស្មើ៨%៕
ដោយ ចាន់ សុភឿន





