ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ-សង្កាត់ តាមអនឡាញ (CDB Online) និងរបាយការណ៍ទិន្នន័យមូលដ្ឋានឃុំ-សង្កាត់ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ-សង្កាត់ តាមអនឡាញ (CDB Online) និងរបាយការណ៍ស្តីពីទិន្នន័យមូលដ្ឋានឃុំ-សង្កាត់ ឆ្នាំ២០២៥» នៅទីស្តីការក្រសួងផែនការនារសៀលថ្ងៃពុធទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, អភិបាលរាជធានី-ខេត្ត, អាជ្ញាធរថ្នាក់ក្រោមជាតិ, អង្គទូត, ដៃគូអភិវឌ្ឍន៍ និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។


ការដាក់ឱ្យប្រើប្រាស់ថ្នាលឌីជីថល CDB Online នាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការធ្វើបរិវត្តកម្មឌីជីថលលើការគ្រប់គ្រងទិន្នន័យមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការរៀបចំផែនការអភិវឌ្ឍន៍ ការបែងចែកធនធាន និងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឃុំ-សង្កាត់ទូទាំងប្រទេសឱ្យកាន់តែមានសុក្រឹតភាព និងទាន់ពេលវេលា៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





