ឯកឧត្តម ពេជ្រ វាសនា អញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ចូលជួបសម្តែងការគួរសមជាមួយអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង តំណាងឱ្យក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម HIROSE KEN អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកសភាជប៉ុន នៅទីស្តីការក្រសួង ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុននាព្រឹកថ្ងៃពុធទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ពេជ្រ វាសនា បាននាំយកនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ដែលជានិច្ចកាលតែងតែបានបន្តគាំទ្រយ៉ាងសកម្មដល់ការគ្រប់គ្រង ព្រមទាំងការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា តាមរយៈការបញ្ជូនទីប្រឹក្សាគោលនយោបាយ និងការផ្តល់គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសនានា។


ជាការឆ្លើយតប ឯកឧត្តម HIROSE KEN បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែងចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកនៅកម្ពុជានាពេលកន្លងមក។ ឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីបំណងក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន លើវិស័យធនធានទឹកឱ្យកាន់តែមានភាពស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





