ឯកឧត្តម ចាន់ យុត្ថា អញ្ជើញដឹកនាំប្រតិភូ AFD និង EU ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រព័ន្ធធារាសាស្ត្រកង្ហត ក្នុងខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--កាលពីថ្ងៃអង្គារទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ចុះពិនិត្យវឌ្ឍនភាពជាក់ស្តែងនៃគម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតក្នុងភូមិសាស្ត្រឃុំធិបតី ឃុំរាំងកេសី និងឃុំកំពង់ព្រៀង នៃស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង។
បេសកកម្មនេះ មានការចូលរួមពី លោក Laurent RASPAUD នាយករង AFD ប្រចាំកម្ពុជា, លោក Bryan Fornari ប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា, ឯកឧត្តម ស្រ៊ុន សុខុម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍មកពី ១៥ ប្រទេស និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមរដ្ឋលេខាធិការ៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រកង្ហត គឺជាសមាសភាគសំខាន់នៃកម្មវិធី WAT4CAM ជំហានទី១។ សម្រាប់ខេត្តបាត់ដំបង ការងារផ្តោតលើការស្តារ និងកែលម្អប្រឡាយមេទី២ (MC2) ដែលនាំទឹកមកពីទំនប់ពហុបំណងសេកសក ដោយបង្វែរចេញពីស្ទឹងសង្កែ ដើម្បីបែងចែកទឹកទៅកាន់ប្លុកទាំង៥ (A, B, C, D និង E) ដែលមានសមត្ថភាពស្រោចស្រពដីកសិកម្មចំនួន ៥,០១៧ ហិកតា និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋចំនួន ៣,៣៨៤ គ្រួសារ។


កម្មវិធី WAT4CAM ជំហានទី១ ក្រោមហិរញ្ញប្បទានពី AFD និង EU ត្រូវបានអនុវត្តក្នុងខេត្តគោលដៅចំនួន៥ (បាត់ដំបង សៀមរាប ព្រះវិហារ កំពង់ធំ និងកណ្តាល) ដោយតម្រង់ទិសលើយុទ្ធសាស្ត្រសំខាន់ពីរ៖
ទី១- ផ្នែករឹង៖ ផ្តោតលើការស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រឱ្យរឹងមាំ ។
ទី២- ផ្នែកទន់៖ ផ្តោតលើការពង្រឹងសមត្ថភាព និងការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ចាប់ពីប្រភពទឹករហូតដល់ការបែងចែកទឹកជូនកសិករប្រកបដោយសមធម៌ និងប្រសិទ្ធភាព។
ជាលទ្ធផលនៃការចុះពិនិត្យ ក្រុមបេសកកម្មបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារនៃកម្មវិធី WAT4CAM ជំហានទី១ ព្រមទាំងចាត់ទុកភាពជោគជ័យនេះជាមេរៀន និងបទពិសោធន៍គំរូដ៏ល្អសម្រាប់បន្តពង្រីកការអនុវត្តក្នុងគម្រោងដំណាក់កាលក្រោយៗទៀត៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





