ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ និងក្រុមការងារដាំកូនឈើ និងដាក់អំពូលសូឡាថ្មីនៅឃុំកន្ទ្រាំង
AKP ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមេលា ប្រធានក្រុមការងារចុះជួយឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងក្រុមការងារ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ បានធ្វើការដាំកូនឈើចម្រុះប្រមាណជាង ៦០០ដើមនៅអមសងខាងផ្លូវប្រវែង ៣.៣៥០ម៉ែត្រ ព្រមទាំងបានផ្តល់ជូនពលរដ្ឋនៅឃុំកន្ទ្រាំងបន្ថែមនូវអំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យបំភ្លឺតាមផ្លូវមួយចំនួនទៀត ធ្វើឱ្យមកទល់ពេលនេះ ឃុំកន្ទ្រាំងទាំងមូលទទួលបានអំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យបំភ្លឺតាមផ្លូវពីឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ ចំនួនជាង ៤០០បង្គោលហើយ។

លោក ឃាម ឆាង មេឃុំកន្ទ្រាំង តាងនាមពលរដ្ឋក្នុងឃុំទាំងមូលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ និងក្រុមការងារចុះជួយឃុំកន្ទ្រាំងដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍនៅក្នុងមូលដ្ឋានឃុំ ដោយចាប់ពីឆ្នាំ២០១៧ ដែលឯកឧត្តមចូលមកកាន់តួនាទីជាប្រធានក្រុមការងារចុះជួយឃុំកន្ទ្រាំង គឺមូលដ្ឋានរបស់លោកទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន រួមមាន នៅតាមវត្តអារាម សាលារៀន មណ្ឌលសុខភាព សាលាឃុំ ទីស្នាក់ការគណបក្សជាដើម។ លោកមេឃុំបានរម្លឹកថា កាលពីសម័យកូវីដ-១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ និងក្រុមការងារ គឺបានយកចិត្តទុកដាក់ជាខ្លាំងចំពោះគ្រួសារដែលត្រូវធ្វើចត្តាឡីស័ក តាមរយៈការចូលរួមថែទាំសុខភាព និងការផ្តល់នូវការឧបត្ថម្ភក្នុងអំឡុងពេលនៃការធ្វើចត្តាឡីស័កនេះ។

លោក ឃាម ឆាង បានថ្លែងថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយជាពន់ពេក ដែលមូលដ្ឋានរបស់លោកទទួលបានការអភិវឌ្ឍដូចសព្វថ្ងៃ រួមមាន ផ្លូវកៅស៊ូ និងផ្លូវបេតុង ដែលជាការសម្រួលបានយ៉ាងក្រាស់ក្រែលសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពល ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺនៅពេលយប់មានភ្លើងបំភ្លឺយ៉ាងព្រោងព្រាតនៅតាមដងផ្លូវមួយចំនួនក្នុងឃុំ តាមរយៈការដាក់បង្គោលភ្លើងសូឡា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ និងក្រុមការងារចុះជួយឃុំកន្ទ្រាំង។ លោកបានបន្តថា ក្រោយពីផ្លូវបេតុងបានស្ថាបនារួចរាល់ ហើយអំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យត្រូវបានបំពាក់នៅអមសងខាងផ្លូវដើម្បីបំភ្លឺនៅពេលយប់ឃើញថាវាអាចសម្រួលបានច្រើនក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផង ហើយមួយផ្នែកក៏អាចចូលរួមទប់ស្កាត់ ឬកាត់បន្ថយនូវអំពើមិនគប្បីរបស់ជនខិលខូចមួយចំនួននៅពេលយប់ផងដែរ។

បើតាមលោកស្រី ថៃ ឡូត ជាពលរដ្ឋភូមិតាត្រាវ ដែលជាភូមិកំពុងទទួលបានការដំឡើងបង្គោលភ្លើងសូឡាបានឱ្យដឹងថា ក្រោយពីមានផ្លូវស្អាត ភ្លើងភ្លឺ ពលរដ្ឋក្នុងភូមិមួយចំនួនបានចាប់អារម្មណ៍ពីការហាត់ប្រាណដើម្បីសុខភាព ដូចជាការជិះកង់ ដើរ រត់ជាក្រុមជាដើម ដែលជួយធ្វើឱ្យពលរដ្ឋក្នុងភូមិតាត្រាវ និងភូមិក្បែរខាងបង្កើននូវភាពស្និទ្ធស្នាលជាមួយគ្នាបន្ថែមមួយកម្រិតទៀត ដោយលោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ និងក្រុមការងារចុះជួយឃុំកន្ទ្រាំង ដែលបានជួយអភិវឌ្ឍឃុំតាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងឱកាសនេះដែរ លោក លន់ លី មេភូមិតាត្រាវ ជួសមុខឱ្យពលរដ្ឋក្នុងភូមិទាំងមូលបានបង្ហាញពីអារម្មណ៍សប្បាយរីករាយចំពោះសមិទ្ធផលទាំងចាស់ ទាំងថ្មីនៅក្នុងមូលដ្ឋានរបស់លោក ដោយបានគូសបញ្ជាក់ថា លោកនៅតែត្រូវការការដឹកនាំរបស់អ្នកដឹកនាំបច្ចុប្បន្ន ដើម្បីបន្តរក្សាឱ្យគង់វង្សនូវស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យដោយឥតងាករេសោះឡើយ ព្រោះថា មានតែស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទេ ដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិបានពេញលេញ៕
ដោយ៖ ចាន់ សុភឿន





