ការិយាល័យនគរបាលសណ្ដាប់ធ្នាប់ បានចុះរៀបចំសណ្ដាប់ធ្នាប់ចំណុចចំណោតតាផលលើភ្នំព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២៦– លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកម្លាំងការិយាល័យនគរ បាលសណ្តាប់ធ្នាប់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ និងប្រជាការពារក្រុងព្រះសីហនុ ចុះធ្វើការអប់រំផ្សព្វផ្សាយណែនាំដល់អ្នកលក់ដូរ និងអ្នកចតយានយន្តលក់ដូរលើដងផ្លូវ និងចិញ្ចើមផ្លូវ។

ការចុះធ្វើការអប់រំផ្សព្វផ្សាយណែនាំដល់អ្នកលក់ដូរ និងអ្នកចតយានយន្តលក់ដូរលើដងផ្លូវ និងចិញ្ចើមផ្លូវ ដែលបង្កឪ្យមានភាពអាណាធិបតេយ្យ ការកកស្ទះចរាចរណ៍ញឹកញាប់ លើផ្លូវលេខ៨០១ ត្រង់ចំណុចចំណោតតាផល លើភ្នំក្រុងព្រះសីហនុ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីឪ្យពួកគាត់បញ្ឈប់ការលក់ដូរលើដងផ្លូវ ឈប់ចតយានយន្ត លើចិញ្ចើមផ្លូវសាធារណៈ ក្នុងគោលបំណង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ការធ្វើចរាចរណ៍លើដងផ្លូវមិនអោយមានការកកស្ទះ ក៏ដូចជាកាត់ បន្ថយហានិភ័យផ្សេងៗជាយថាហេតុ និងលើកកម្ពស់សោភ័ណភាពទីក្រុងទេសចរណ៍ខេត្តព្រះសីហនុឱ្យកាន់តែមានសណ្ដាប់ធ្នាប់របៀបរៀបរយស្រស់ស្អាតមានអនាម័យល្អក្នុងទីក្រុង ។


លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះ សីហនុ បានឪ្យដឹងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងផែនសណ្តាប់ធ្នាប់បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវសំខាន់ក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ម្យ៉ាងទៀតជួយកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតធំផងដែរ ជាពិសេសបង្កើតបរិយាកាសល្អសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិជាតិ និងអ្នកវិនិយោគ ។

សូមរម្លឹកថា សកម្មភាពកងកម្លាំងការិយាល័យសណ្តាប់ធ្នាប់សាធារណៈ បានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈជាបន្តបន្ទាប់នៅតាមដងផ្លូវសំខាន់នានាក្នុងក្រុងព្រះសីហនុ ដើម្បីផល ប្រយោជន៍រួមរបស់យើងទាំងអស់គ្នា សាកសមជាទីក្រុងទេសចរណ៍តំបន់ឆ្នេរនាទិសនារតី ៕
ដោយ៖ ងូ សុមុនី





