មន្ទីរសុខាភិបាលខេត្តតាកែវ បើកកិច្ចប្រជុំដើម្បីបង្កើនប្រសិទ្ធភាពរុករក និងព្យាបាលអ្នកកើតជំងឺអេដស៍
AKP តាកែវ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦-- មន្ទីរសុខាភិបាលខេត្តតាកែវ សហការជាមួយ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានបើកកិច្ចប្រជុំ ស្ដីពីសកម្មភាពវិធីសាស្ត្រជំរុញខ្លាំងក្លា ក្នុងការអនុវត្តន៍សកម្មភាពរួមបញ្ចូលគ្នា សម្រាប់ការរុករក និងគ្រប់គ្រងសកម្មភាពករណីឆ្លងមេរោគអេដស៍ នៅតាមបណ្ដាស្រុកប្រតិបត្តិក្នុងខេត្តតាកែវ។អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ រួមជាមួយលោកវេជ្ជបណ្ឌិត កាអឿន ចិត្រា តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត ទី សុវត្ថិ អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រៃកប្បាស ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ត្រីរាជការនៃការិយាល័យស្រុកប្រតិបត្តិទាំងអស់ក្នុងខេត្តតាកែវ តំណាងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

ពិធីនេះរៀបចំឡើងនៅសាលប្រជុំស្រុកប្រតិបត្តិព្រៃកប្បាស ស្ថិតនៅក្នុងស្រុកព្រៃកប្បាសខេត្តតាកែវ កាលពីព្រឹកថ្ងៃសុក្រទី0៥ ខែកញ្ញា ឆ្នាំ២០២៦។
មានប្រសាសន៍សំណេះសំណាលក្នុងកិច្ចប្រជុំនេះ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងថា អង្គប្រជុំនេះបានផ្តោតលើការពិនិត្យវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារកន្លងមក កំណត់បញ្ហាប្រឈម និងចែករំលែកបទពិសោធន៍ល្អៗ ព្រមទាំងពិភាក្សារកដំណោះស្រាយ និងដាក់ចេញទិសដៅអនុវត្តបន្ត។ដើម្បីធានាឱ្យការងាររុករក ការបញ្ជូន និងការគ្រប់គ្រងករណីឆ្លងមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលា។

លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានលើកទឹកចិត្តដល់មន្ត្រីជំនាញ និងគ្រប់ស្រុកប្រតិបត្តិ ឱ្យបន្តពង្រឹងស្មារតីទទួលខុសត្រូវ កិច្ចសហការជាក្រុម និងការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើការរុករកឱ្យបានឆាប់ ការគ្រប់គ្រងឱ្យបានទាន់ពេល និងការភ្ជាប់អ្នកជំងឺទៅកាន់សេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព។ដើម្បីរួមចំណែកកាត់បន្ថយការឆ្លងមេរោគអេដស៍ថ្មី និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ។

លោកឱសថការី ផាន់ វ៉ាន់ បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ បង្កើនប្រសិទ្ធភាពនៃការរុករក ករណីឆ្លងមេរោគអេដស៍។ការគ្រប់គ្រងនិងការភ្ជាប់អ្នកផ្ទុកមេរោគអេដស៍ ទៅកាន់សេវាថែទាំនិងព្យាបាល ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។រួមគ្នាដើម្បីសុខភាពប្រជាពលរដ្ឋ និងការបញ្ចប់ការរីករាលដាលមេរោគអេដស៍ជាអាទិភាព៕
ដោយ៖ អ៊ុច សៀង





