អង្គការ FAO ជួយប្រែក្លាយបញ្ហាប្រឈមផ្នែកអាកាសធាតុរបស់ប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរប្រកបដោយភាពធន់
AKP ភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦--សម្រាប់សហគមន៍តំបន់ឆ្នេររបស់កម្ពុជា ការប្រែប្រួលអាកាសធាតុអាចបង្កឱ្យមានការខាតបង់កាន់តែច្រើនក្រោយការប្រមូលផល កង្វះខាតទឹក និងការថយចុះប្រាក់ចំណូល។តាមរយៈគម្រោង CamAdapt ដំណោះស្រាយជាក់ស្តែងទាក់ទងនឹងអាកាសធាតុកំពុងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។

បើតាមអង្គការ FAO បានឱ្យដឹងនៅល្ងាចថ្ងៃទី៤ ខែកញ្ញ ឆ្នាំ២០២៦នេះថា ម៉ាស៊ីនសម្ងួតដោយថាមពលពន្លឺព្រះអាទិត្យខ្នាតតូចចំនួន ៥០គ្រឿង និងរោងសម្ងួតដោយថាមពលពន្លឺព្រះអាទិត្យចំនួន ២កន្លែង កំពុងជួយសហគមន៍ក្នុងការសម្ងួត និងរក្សាទុកផលនេសាទប្រកបដោយអនាម័យល្អប្រសើរ កាត់បន្ថយការខាតបង់ និងបង្កើនតម្លៃដល់ផលនេសាទរបស់ពួកគេ។

អាងស្តុកទឹកភ្លៀងចំនួន ៤០០ កំពុងជួយលើកកម្ពស់សន្តិសុខទឹកក្នុងអំឡុងរដូវប្រាំង។ ដំណោះស្រាយទាំងនេះកំពុងជួយគាំទ្រដល់សហគមន៍តំបន់ឆ្នេរចំនួន ៤៦ នៅទូទាំងខេត្តកំពត កែប ព្រះសីហនុ និងកោះកុង។ គម្រោង CamAdapt មានគោលបំណងជួយគាំទ្រប្រជាជនចំនួន ១០០ ០០០ នាក់ ក្នុងនោះ ៥០ភាគរយ ជាស្ត្រី ព្រមទាំងរួមចំណែកដល់ការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរទំហំ ៨២ ០០០ ហិកតា ប្រកបដោយនិរន្តរភាព ។
ចាប់ពីការធានាសន្តិសុខទឹក កាន់តែប្រសើរឡើង រហូតដល់ការកាត់បន្ថយការបាត់បង់ផលដំណាំក្រោយការប្រមូលផល គម្រោង CamAdapt កំពុងប្រែក្លាយការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ឱ្យទៅជាលទ្ធផលជាក់ស្តែងសម្រាប់សហគមន៍តំបន់ឆ្នេរ។

គម្រោងនេះទទួលបានការគាំទ្រពីមូលនិធិបរិស្ថានសកល (Global Environment Facility) និងអនុវត្តដោយអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ FAO៕
ដោយ ណយ នឿន (ប្រភព៖FAO)





