គម្រោងរេដបូកកែវសីមា ជួយលើកកម្ពស់ការអប់រំរបស់សិស្សាតាមភូមិដាច់ស្រយាល
AKP ភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦--តាមរយៈថវិកាសម្រាប់សហគមន៍ (C4C)ដែលទទួលបានពីការអនុវត្តន៍គម្រោងរេដបូកកែវសីមា សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នងភូមិស្រែអុី បានឯកភាពគ្នាក្នុងការបែងចែកអត្ថប្រយោជន៍ដែលបានមកពីថវិកាC4C ក្នុងការលើកកម្ពស់ការសិក្សារបស់សិស្សកម្រិតបឋមសិក្សា ដោយផ្តល់ជូនសិស្សានុសិស្សដែលសិក្សានៅសាលាបឋមសិក្សាស្រែអុី នូវសម្ភារសិក្សាមួយចំនួនដូចជា សៀវភៅ ប៊ិច ខ្មៅដៃ ឯកសណ្ឋានសិស្ស និងឯកសណ្ឋានកីឡា សម្រាប់ជាការលើកទឹកចិត្ត និងជម្រុញឲ្យសិស្សចុះឈ្មោះចូលរៀនកាន់តែច្រើន។

ដោយមានសំណើរពីលោកនាយករងសាលា សហគមន៍ក៏បានមូលមតិគ្នាក្នុងការប្រើប្រាស់ថវិកា C4C ក្នុងការគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលា និងគ្រឿងបរិក្ខារទីចាត់ការ ដែលក្នុងនោះរួមមាន ម៉ាស៊ីនព្រីន ទូដាក់ឯកសារ កង្ហារភ្ជាប់ជញ្ជាំងចំនួន ៣០គ្រឿង រៀបចំសួនជីវៈចម្រុះ សាងសង់អគារថ្នាក់មត្តេយ្យ សាងសង់រូបសំណាកព្រះបាទជ័យវវ្ម័នទី៧ និងចាក់បេតុងក្នុងទីធ្លាសាលារៀន។ ដើម្បីជាការលើកទឹកចិត្ត និងកោតសរសើរដល់ការខិតខំប្រឹងប្រែងសិក្សារបស់សិស្សានុសិស្ស សាលាបឋមសិក្សាស្រែអុី បានរៀបចំកម្មវិធីប្រគល់ប័ណ្ណសរសើរដល់សិស្សដែលជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់ លេខ៣ ចំនួន ១៨នាក់ និងបំពាក់មេដាយដល់លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់បង្រៀនសិស្សឲ្យមានចំណេះដឹង និងសុជីវធម៌ប្រកបដោយវិន័យ ស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ។

ព្រមជាមួយគ្នានេះដែរសាលាបឋមសិក្សាស្រែអុី ក៏បានប្រគល់លិខិតថ្លែងអំណរគុណដល់សហគមន៍ជនជាតិដើមភាគតិចព្នងភូមិស្រែអុី គម្រោងរេដបូកកែវសីមាតាមរយៈអង្គការសមាគមអភិរក្សសត្វព្រៃ WCS និងអង្គការដៃគូ ដែលបានចូលរួមចំណែកក្នុងការគាំទ្រដល់ការសិក្សាអប់រំរបស់សិស្ស ដែលនេះបានបង្ហាញពីការជ្រោមជ្រែងយ៉ាងពេញទំហឹង របស់សហគមន៍ និងដៃគូអភិវឌ្ឍន៍ក្នុងការលើកកម្ពស់ការសិក្សារបស់សិស្ស និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់សាលានៅតាមតំបន់ដាច់ស្រយាល។

ការពង្រឹងការអប់រំគឺជាគោលដៅមួយក្នុងចំណោមគោលដៅផ្សេងទៀតរបស់ គម្រោងរេដបូកកែវសីមា ដែលបានបែងចែកអត្ថប្រយោជន៍ពីការលក់ឥណទានកាបូន តាមរយៈការការពារព្រៃឈើ និងសត្វព្រៃ ដោយមានការចូលរួមពីសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ អត្ថប្រយោជន៍ទាំងនេះត្រូវបានផ្តល់ជូនទៅតាមសហគមន៍នីមួយៗក្នុងគម្រោង ដើម្បីផ្តល់លទ្ធភាពដល់សហគមន៍ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សហគមន៍ស្របទៅតាមតម្រូវការ និងការសម្រេចចិត្តរបស់សហគមន៍។
ក្រៅពីសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិស្រែអុី សហគមន៍ក្នុងភូមិចំនួន ១៩ ផ្សេងទៀតក៏ទទួលបានអត្ថប្រយោជន៍ពីការបែកចែកភាគលាភដែលបានមកពីការលក់ឥណទានកាបូនក្នុង គម្រោងរេដបូកកែវសីមាផងដែរ។ ក្នុងនោះសហគមន៍នីមួយៗបានពិភាក្សាកំណត់គោលដៅសកម្មភាពអាទិភាពរួម ស្របទៅតាមតម្រូវការរបស់ភូមិនីមួយៗ ហើយវិស័យអប់រំត្រូវបានចាត់ថ្នាក់ជាគោលដៅអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងសហគមន៍ផងដែរ ៕
ដោយ ណយ នឿន (ប្រភព៖គម្រោងរេដបូកកែវសីមា)





