កងទ័ពកម្ពុជា–សហរដ្ឋអាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ -- កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ រួមជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ព្រមទាំងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក និង កងឆ្មាំរដ្ឋអាយដាហូ បានរៀបចំកិច្ចប្រជុំផែនការបឋម (Initial Planning Conference – IPC) សម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញនៃលំហាត់ទ្វេភាគីនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយទសវត្សរ៍។

ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពហ្វឹកហ្វឺនសំខាន់ៗ រួមមាន លំហាត់ទីបញ្ជាការ និងការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈលើវិស័យសុខាភិបាល វិស្វកម្ម និងការកម្ចាត់គ្រឿងផ្ទុះ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD/UXO)។

សូមជម្រាបជូនថា លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ គ្រោងនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៧ ដើម្បីពង្រឹងអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ដែលឆ្លុះបញ្ចាំងពីសន្ទុះថ្មី នៃកិច្ចសហប្រតិបត្តិការយោធារវាង កម្ពុជា–សហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារ ជាតិ៕



ដោយ៖ រិទ្ធី, ប្រភព៖ កងទ័ពជើងគោក





